រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Honda ត្រូវបានផ្អាកដំណើរការស្ទើរតែពេញមួយពិភពលោកទៅហើយ តែនេះមិនមែនដោយសារការរាតត្បាតនៃជំងឺកូវីដ-19 នោះទេ តែ វាជាការវាយប្រហារពីក្រុមជនអនាមិក (Hackers) ទៅវិញ។
ប្រព័ន្ធបណ្ដាញ (Network System) របស់ក្រុមហ៊ុនហុងដា ត្រូវបានវាយប្រហារ ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចចូលប្រើកុំព្យូទ័រសឺវើ អ៊ីមែល និងប្រព័ន្ធផ្សេងៗទៀតបាន។
នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។ រោងចក្រដែលត្រូវបានបិទទាំងនោះ មាននៅតាមបណ្តាប្រទេសជាច្រើន ដូចជា ចក្រភពអង់គ្លេស តួរគី អ៊ីតាលី ជប៉ុន និងតំបន់អាមេរិកខាងជើង។ បើយោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព បានឱ្យដឹងថា នេះអាចជាការវាយប្រហារប្រភេទ Snake Ransomware ដែលក្រុមអ្នកវាយប្រហារបានបំប្លែង (encrypt) ទិន្នន័យរបស់ក្រុមហ៊ុន ឬបិទមិនឱ្យក្រុមហ៊ុនអាចចូលប្រើប្រព័ន្ធកុំព្យូទ័របាន ប៉ុន្តែក្រុមហ៊ុនហុងដាបានអះអាងថា ទិន្នន័យទាំងអស់ពុំមានការប៉ះពាល់នៅឡើយទេ រហូតមកដល់ពេលនេះ។
បច្ចុប្បន្ន គេពុំបានដឹងទេថា តើក្រុមអ្នកវាយប្រហារ បានចូលទៅក្នុងប្រព័ន្ធ Network តាមរបៀបណានោះទេ ប៉ុន្តែវាប្រហែលអាចចូលតាមការទាញយកឯកសារផ្សេងៗ ដែលមានភ្ជាប់មកជាមួយនូវមេរោគទាំងនោះ។
នេះជាការក្រើនរំឭកមួយ ដែលទាំងក្រុមហ៊ុន ក៏ដូចជាអ្នកប្រើប្រាស់ដែរ ត្រូវតែមានការប្រុងប្រយ័ត្នជាមួយប្រព័ន្ធសុវត្ថិភាពដើម្បីចៀសវាងពីការវាយប្រហារនានា ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្តនេះតែម្ដង ព្រោះថា បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ គឺមានច្រើនយ៉ាង ដែលត្រូវបានប្រើបាស់នៅក្នុងប្រព័ន្ធដំណើរការរបស់រថយន្តដូចជា ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធគ្រប់គ្រងល្បឿន ហើយនៅថ្ងៃអនាគត ក៏នឹងមានប្រព័ន្ធដែលអាចឱ្យរថយន្តបើកបានដោយខ្លួនឯងផងដែរ៕