ខ្សែបម្រើ Jordan Henderson បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ខណៈដែលក្រុមហង្សក្រហម Liverpool បានរងបរាជ័យក្នុងការប្រកួតមិត្តភាពដណ្តើមពាន Audi Cup វគ្គផ្តាច់ព្រ័ត្រ ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល 5 – 4 ក្រោមស្នាដៃក្រុម Atletico Madrid របស់អេស្ប៉ាញកាលពីថ្ងៃពុធ។ ខ្សែបម្រើប្រយុទ្ធ Roberto Firmino បានជួយឲ្យ Liverpool រកគ្រាប់បាល់តាមស្មើតាមរយៈការស៊ុតបាល់ពិន័យ11ម៉ែត្រ ក្រោយពីខ្សែប្រយុទ្ធ Keidi Bare បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុម Atletico ក្នុងតង់ទី1 ហើយការប្រកួតនេះបានបន្តស្ថិតក្នុងលទ្ធផលស្មើរហូតដល់ចប់ 90នាទី។
ប៉ុន្តែ ក្រុមហង្សក្រហមរបស់ Jurgen Klopp បានជួបនឹងការខកចិត្តយ៉ាងធំ និងបានបាត់បង់ឱកាសក្នុងការឈ្នះពានជាលើកទី2របស់ពួកគេក្នុងយុទ្ធនាការប្រកួតមិត្តភាពមុនបើករដូវកាល នៅពេលដែល Henderson បានស៊ុតបាល់មិនចូលទីនៅពេលការប្រកួតនេះត្រូវបានកាត់សេចក្តីដោយបាល់ប៉េណាល់ទី ក្រោយពីការស៊ុតរបស់គេត្រូវបានសង្គ្រោះម្តងរួចមកដោយអ្នកចាំទី Miguel Angel Moya។ បន្ទាប់មក Filipe Luis អតីតខ្សែការពាររបស់ក្លិប Chelsea បានស៊ុតបាល់ពីចំណុច11ម៉ែត្រចូលទីយ៉ាងល្អដើម្បីផ្តល់ជ័យជម្នះដល់ក្រុមរបស់ក្របខ័ណ្ឌ La Liga តែម្តង។ លោក Klopp បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរកីឡាករដល់ទៅ9នាក់ទៅលើក្រុមដែលបានផ្តួលក្រុម Bayern Munich ក្នុងលទ្ធផល 3-0 កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ។
Liverpool ដែលបានឈ្នះពាន Asia Cup កាលពីខែមុននោះ បច្ចុប្បន្ននឹងត្រូវត្រៀមជួបក្រុម Athletic Bilbao ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ នៅមុនពេលយុទ្ធនាការលីករបស់ពួកគេចាប់ផ្តើមនៅលើទឹកដីក្រុម Watford នាថ្ងៃទី12 ខែសីហាខាងមុខ៕
ប្រភពពី៖ The Sun