ឥទ្ធិពលរបស់ COVID-19 បានបណ្ដាលឱ្យទីតាំងគ្រប់គ្រងសត្វដំរីនានានៅប្រទេសថៃ ត្រូវបង្ខំចិត្តប្រគល់ដំរីដែលកំពុងប្រឈមនឹងហានិភ័យនៃការស្លាប់ដោយសារអត់អាហារ ទៅឱ្យម្ចាស់ដើមវិញ។
ដំរីជាង3,000ក្បាលនៅប្រទេសថៃគឺជាដំរីដែលស្និទ្ធស្នាលជាមួយមនុស្ស ប៉ុន្តែដោយសារតែឥទ្ធិពលរបស់ COVID-19 កន្លែងគ្រប់គ្រងដំរីជាច្រើនត្រូវបានបិទទ្វារចាប់ពីខែមីនា2020 នាំឱ្យដំរីជាង3,000ក្បាលនេះបានធ្លាក់ទៅក្នុងវិបត្តិ “គ្មានការងារធ្វើ” និងប្រឈមមុខទៅនឹងការបាត់បង់ជីវិតដោយសារដាច់អាហារ។
“នៅពេលនេះ យើងមិនមានប្រភពចំណូលអ្វីទៀតនោះទេ ប៉ុន្តែ ដំរីទាំងនោះនៅតែត្រូវការចំណីដូចធម្មតា” នេះបើតាមគ្រូបង្វឹកដំរី លោក Sinchai Joroenbunpod។
ប្រាក់ចំណាយទៅលើការថែទាំដំរីមួយក្បាល អាចឡើងដល់30ដុល្លារសម្រាប់មួយថ្ងៃ។ ប៉ុន្តែ អ្វីដែលជាបញ្ហាគួរឱ្យព្រួយបារម្ភជាងនេះ នោះគឺហានិភ័យនៃការកើតមាន “ជម្លោះ” រវាងដំរីជាមួយនឹងប្រជាជនក្នុងភូមិ។
ដំរីនានាអាចដើរវង្វេងផ្លូវក្នុងព្រៃ និងចូលដល់ភូមិឋាន ឬចំការរបស់ពលរដ្ឋដើម្បីស្វែងរកអាហារ។ ប្រការនេះអាចបង្កឱ្យកើតមានការប៉ះទង្គិចគ្នាជាមួយនឹងមនុស្ស។
ប្រភព៖ AFP