លោក Paul Clement គ្រូបង្វឹករបស់ក្លិប Swansea City បានបញ្ជាក់ថា ការផ្ទេរដែលត្រូវបានស្នើសុំរបស់ខ្សែបម្រើ Gylfi Sigurdsson ទៅកាន់ក្លិបទូកក្តោង Everton អាចនឹងត្រូវបំពេញជាផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ខណៈដែលក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាទៅលើការផ្ទេរក្នុងតម្លៃខ្លួន 50លានផោន (ស្មើនឹង 66លានដុល្លារអាមេរិក) របស់គេ។
Everton បានដាក់សំណើដេញថ្លៃក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបក្នុងចន្លោះពី40 ទៅ45លានផោន ប៉ុន្តែត្រូវបានច្រានចោលសម្រាប់ការនាំយកខ្សែបម្រើអន្តរជាតិអ៊ីស្លង់រូបនេះ ដែលបានចូលរួមក្នុងវគ្គហ្វឹកហាត់នៅកីឡដ្ឋាន Liberty កាលពីថ្ងៃពុធ។ ក្រោយពីវគ្គហ្វឹកហាត់នេះ លោក Clement បានប្រកាសថា ការចរចាផ្សេងៗទៅលើការផ្ទេររបស់គេ បានវិវឌ្ឍទៅមុខ មុននឹងបំពេញការផ្ទេរមួយដែលអាចនឹងឲ្យក្លិប Swansea ទទួលបានចំណូល50លានផោនតាមស្នើសុំ សម្រាប់កីឡាករវ័យ27ឆ្នាំរូបនេះ។
លោក Clement បានឲ្យដឹងថា៖ «Sigurdsson នឹងមិនលេងក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុម Sampdoria នៅថ្ងៃសៅរ៍នេះទេ។ ការពិភាក្សាផ្សេងៗនៅតែបន្ត ហើយជាការរំពឹងទុកយើងនឹងទទួលបានព័ត៌មានខ្លះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។ ការផ្ទេរនេះ ត្រូវតែផ្តល់អត្ថប្រយោជន៍ដ៏ល្អបំផុតសម្រាប់ភាគីទាំងពីរ ហើយយើងមានរដូវកាលដ៏សំខាន់មួយនៅចំពោះមុខរបស់យើង»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងដឹងពីអ្វីដែលបានកើតឡើងកាលពីរដូវកាលមុន ប្រសិនបើយើងមិនធ្វើឲ្យបានល្អក្នុងពេលចាប់ផ្តើមទេនោះ ហើយយើងមិនចង់ឲ្យបញ្ហានោះកើតឡើងម្តងទៀតឡើយ»៕
ប្រភពពី៖ The Guardian