ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅលើកោះ Vakkaru បានកកើតឡើងដោយសារលាមកដ៏ច្រើនសន្ធឹករបស់ពពួកត្រីមួយប្រភេទដែលមានឈ្មោះថា Parrot ក្រោយពីពួកវាស៊ីផ្កាថ្ម និងជុះខ្សាច់ចេញមកក្រៅ។
ប្រទេស Maldives មានឈ្មោះល្បីល្បាញខ្លាំងដោយមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ ប៉ុន្តែ យ៉ាងតិចមានកោះចំនួនមួយក្នុងចំណោមកោះដ៏ច្រើននៅទីនេះ បានកកើតឡើងតាមរយៈវិធីដ៏មហាកំពូលចម្លែក។
ខ្សាច់នៅលើកោះ Vakkaru របស់ប្រទេស Maldives តាមពិតគឺមានផ្ទុកទៅដោយលាមកត្រីយ៉ាងច្រើនមិនគួរឱ្យជឿ។ ជាក់ស្ដែង ខ្សាច់នៅលើឆ្នេរកោះ Vakkaru នេះគឺជាកាកសំណល់លាមករបស់ត្រី Parrot ពីរប្រភេទ។ ត្រី Parrot មានពណ៌សម្បូរបែប និងមានប្រវែងប្រមាណពី 0.3 ទៅ 1.2ម៉ែត្រ។
ត្រី Parrot ប្រើប្រាស់ធ្មេញខាងក្រៅដ៏រឹងមាំដើម្បីខាំបំបែកផ្កាថ្ម និងស៊ីប៉ូលិបរបស់ផ្កាថ្ម (Coral Polyps) រួមនឹងសារ៉ាយ។ល។ ដោយសារតែមានប្រព័ន្ធធ្មេញមួយផ្សេងទៀតនៅក្នុងបំពង់ករបស់ពួកវា បំណែកផ្កាថ្មដែលវាបានលេបចូលដល់បំពង់ក ក៏ត្រូវបានធ្មេញនៅត្រង់នោះទំពាជាកម្ទេចល្អិតជាងមុន។ បន្ទាប់មក ពួកវាក៏ជុះចេញមកក្រៅក្រោមរូបភាពជាខ្សាច់។
ប្រការខាងលើនេះបានកើតឡើងក្នុងទំហំច្រើនឡើងៗ និងឆ្លងកាត់ពេលវេលាដ៏យូរអង្វែង ខ្សាច់ដែលជាលាមករបស់ត្រី Parrot ក៏បង្កើតបានជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅលើកោះ Vakkaru រហូតមកដល់សព្វថ្ងៃ។
ប្រភព៖ GeoBeats/Youtube