បន្ទាប់ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅអ្នកនិពន្ធ និងម្ចាស់បទចម្រៀង «កណ្តៀវអូនស្រួយ» មកប្រជុំជាបន្ទាន់ និងធ្វើការព្រមាននៅព្រឹកថ្ងៃទី10 ខែមិថុនា ឆ្នាំ2020 នេះរួចមក រហូតមកទល់នឹងពេលនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កាហើយ ដោយទាំងអ្នកនិពន្ធ និងអ្នកចម្រៀង ព្រមទទួលស្គាល់កំហុសរបស់ខ្លួន និងសន្យាថា នឹងប្រើប្រាស់ចំណេះដឹងឱ្យមានសីលធម៌ និងជាប្រយោជន៍ដល់សង្គម ឈប់និពន្ធបទដែលបង្កប់ន័យ អសុរសបែបនេះទៀតហើយ។
យ៉ាងណាមិញបន្ទាប់ពីរងការរិះគន់បទ ចម្រៀងមួយបទនេះក៏ត្រូវបានលុបចេញពី YOUTUBE ហើយកាលពីម្សិលមិញ។ ក្នុងនោះផងដែរ អ្នកចម្រៀងស្រី បរ៉ាម៉ី ដែលមានវ័យទើប18ឆ្នាំ ក៏បានបំភ្លឺការពិតរឿងបទ ”កណ្តៀវអូនស្រួយ” និងចេញមុខសុំទោសជាសាធារណៈ។ ជួបជាមួយអ្នកសារព័ត៌មានអ្នកចម្រៀងស្រីរូបនេះបានអះអាងថា នាងមិនបានគិតពីមុនមកថា បទចម្រៀងមួយនេះនឹងផ្ទុះការរិះគន់ដល់ថ្នាក់នេះនោះទេ ។ នាងបន្តថា ពាក្យពេចន៍រិះគន់របស់មហាជន ពិតជាត្រឹមត្រូវនឹងឱ្យខ្លួនដឹងពីកំហុសក្នុងការបកស្រាយពិតមែន ហើយនាងក៏មានតែពាក្យសុំទោសដល់មហាជនជាសាធារណៈ និងព្រមកែប្រែឈប់ច្រៀងបទដែលបង្កភាពអសីលធម៌ដល់សង្គមជាតិ។
សូមជម្រាបថា អ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា ក៏បានទទួលស្គាល់កំហុសនិងបានសរសេរកិច្ចសន្យាថានឹងមិននិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ កិច្ចសន្យានោះ មានខ្លឹមសារទាំង ថា «ខ្ញុំបាទឈ្មោះ អ៊ិច ចន្ថា កើតថ្ងៃទី8 ខែឧសភា ឆ្នាំ1981 ជាអ្នកនិពន្ធបទចម្រៀង ដែលមាន ចំណងជើងថា ( កណ្តៀវអូនស្រួយ ) និងបទ ( ស្រណោះអង្រែ) ជាបទចម្រៀង ដែលប្រើពាក្យពេចន៍ អសុរស ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ដែលធ្វើឱ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឱ្យប៉ះ ពាល់ដល់តម្លៃសីលធម៌សង្គម។ ខ្ញុំបាទ អ៊ិច ចន្ថា សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ខ្ញុំនឹងធ្វើការចុះបញ្ជីផលិតកម្មឱ្យបានត្រឹមត្រូវ តាមច្បាប់ និងយកទេពកោសល្យដែលខ្ញុំមាន មក ប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន ដើម្បីជួយលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ»៕