នៅកណ្ដាលគំនរផ្លែគូលែនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងទីផ្សារលក់ដុំ មួយកន្លែងក្នុងខេត្ត បាក់យ៉ាង ភាគខាងជើងប្រទេសវៀតណាម កសិករជាច្រើននាក់កំពុងរអ៊ូ រឿងតម្លៃផ្លែឈើដែលកំពុងធ្លាក់ថ្លៃយ៉ាងបន្តបន្ទាប់ ដោយមូលហេតុពាណិជ្ជករបរទេសត្រូវបានហាមឃាត់ដោយសារជំងឺកូវីដ-19។
តាមរយៈការឆ្លើយតបទៅនឹងការឆ្លងរាលដាលរបស់វីរុសកូវីដ-19 បែបវាយលុក បានធ្វើឱ្យវិថីជីវិតរបស់ប្រជាជនវៀតណាមវិលត្រឡប់មករកសភាវប្រក្រតីឡើងវិញ កម្មករបានប្រមូលផ្ដុំគ្នាដោយមិនពាក់ម៉ាស់អនាម័យការពារ ដោយនៅលើទោចក្រយានយន្តរបស់ពួកគេមានកញ្ឆេធំមួយនៅពីក្រោយ ដែលផ្ទុកណែនដោយផ្លែគូលែនទុំទើបនឹងបេះថ្មីៗពីចម្ការ។
ជាប្រក្រតី វៀតណាមបាននាំចេញផ្លែគូលែនស្រស់ប្រមាណជា 100,000តោនក្នុង 1រដូវកាល គិតជាតម្លៃសរុប ច្រើនជាង 30លានដុល្លារ ដោយមានប្រទេសគោលដៅធំៗ ដូចជា ចិន ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក តែធុរកិច្ចនេះ ត្រូវជាប់គាំងក្នុងឆ្នាំនេះ នៅពេលដែលវៀតណាមនៅតែមានវិធានការបិទព្រំដែន។
កសិករម្នាក់ឈ្មោះ ង្វៀង វ៉ាន់ ធែង បាននិយាយថា “ដោយសារតែការឆ្លងរាតត្បាតរបស់ជំងឺកូវីដ-19 ធ្វើឱ្យពួកយើងលែងឃើញអ្នកទិញជនជាតិចិនចូលមក ហើយឥឡូវពួកយើងភាគច្រើន លក់ឱ្យអតិថិជនក្នុងប្រទេស ទើបធ្វើឱ្យធ្លាក់ថ្លៃយ៉ាងខ្លាំង” លោកបន្តថា ជាប្រក្រតី ផ្លែគូលែនរបស់លោក ជាងពាក់កណ្ដាល បានលក់ឱ្យបរទេស។
អ្នកម៉ៅទិញបរទេស ច្រើនតែធ្វើដំណើរមកផ្សារនេះដោយផ្ទាល់ ដោយបើករថយន្តក្នុងចម្ងាយផ្លូវពីព្រំដែនចិនមក ត្រឹមតែមិនប៉ុន្មានម៉ោងប៉ុណ្ណោះ តែសារព័ត៌មានផ្លូវការក្នុងស្រុកមួយបានរាយការណ៍កាលពីសប្ដាហ៍មុនថា មានជនជាតិចិន និងជប៉ុនជាច្រើនរយនាក់ត្រូវបានហាមឃាត់ និងបង្ខាំងខ្លួន ដើម្បីសង្កេតតាមដានមើលមេរោគរយៈពេល 14ថ្ងៃ។
ទោះជាអាជ្ញាធរបានអះអាងថា ពួកគេនឹងជួយជំរុញការផ្សព្វផ្សាយអំពីការបរិភោគនៅក្នុងស្រុកក៏ដោយ តែតម្លៃបានធ្លាក់ចុះដល់ទៅជាងពាក់កណ្ដាលនៃតម្លៃដែលពួកគេធ្លាប់លក់បានកាលពីឆ្នាំកន្លងទៅ។
កសិករអាយុ 47ឆ្នាំខាងលើ ដែលបានរំពឹងទុកថា ក្នុងរដូវកាលនេះ លោកនឹងប្រមូលប្រាក់បានមិនលើសពី 4,000ដុល្លារ បានបន្តទៀតថា “យើងត្រូវធ្វើធ្ងន់ពេញមួយឆ្នាំ តែប្រាក់ចំណូល បែរជាមិនគ្រប់ចិញ្ចឹមជីវិត”
ក្នុងអំឡុងច្រើនឆ្នាំមកនេះ វៀតណាមដែលជាប្រទេសអ្នកនាំចេញកាហ្វេ អង្ករ និងត្រីអណ្ដែងជាចម្បងស្រាប់ហើយនោះ បានចាប់ផ្ដើមងាកមកផ្ដល់ចំណាប់អារម្មណ៍លើដំណាំផ្លែឈើរបស់ខ្លួនវិញម្ដង ដោយកាលពីឆ្នាំ2018 វៀតណាមបាននាំចេញបន្លែ និងផ្លែឈើក្នុងតម្លៃសរុបប្រមាណជា 3,760លានដុល្លារ៕
ប្រភព៖ សារព័ត៌មានបរទេស