
មន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា នៅពេលនេះក្រុមការងាររបស់ស្ថាប័នទាំងពីរកំពុងធ្វើការងារជាមួយគ្នាដើម្បីត្រៀមស្នើទៅសហរដ្ឋអាមេរិកឱ្យលើកលែងពន្ធនាំចូលសម្រាប់ផលិតផលស្បែកជើងពីកម្ពុជា។
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បាននិយាយថា កន្លងមកកម្ពុជាទទួលបានការវិនិយោគថ្មីៗក្នុងការផលិតកាបូបជាង 20ក្រុមហ៊ុន បន្ទាប់ពីកម្ពុជាទទួលបានការអនុគ្រោះពន្ធនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកលើផលិតផល “កាបូបដាក់សម្ភារធ្វើដំណើរ ឬ Travel Goods” តាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលភាគីទាំងពីបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ2016។

លោកឧកញ៉ា មានប្រសាសន៍ថា៖“យើងគិតចុះគិតឡើងក្នុងរង្វង់ពីរសប្តាហ៍ មានរោងចក្រ1ចូលមកស្រុកខ្មែរសម្រាប់ផលិតកាបូប។ ខ្ញុំគិតថាល្អមែនទែន ហើយយើងត្រូវតែបន្តទៀត”។ លោកឧកញ៉ាបានបង្ហាញពីមហិច្ឆតាក្នុងការបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យអនុគ្រោះពន្ធនាំចូលដល់ផលិតផលស្បែកជើងពីកម្ពុជា ដោយបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស្បែកជើងជាង60។ ឧកញ៉ា បញ្ជាក់ថា រោងចក្រដេរស្បែកជើងសុទ្ធតែជារោងចក្រខ្នាតធំ ដោយរោងចក្រនីមួយៗមានកម្មករចន្លោះពី 4,000-5,000នាក់។

ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា៖ “បើយើងសុំបានចូលអាមេរិកដោយមិនចាំបាច់បង់ពន្ធសម្រាប់ផលិតផលស្បែកជើង ប្រហែលជាយើងអាចទាក់ទាញបានក្រុមហ៊ុនជាង 100ទៀតមកបង្កើតរោងចក្រនៅកម្ពុជា។ ខ្ញុំរួមជាមួយសមាជិកសមាគមកាត់ដេរ ព្រមទាំងដៃគូនៅអាមេរិកកំពុងតែគិតពីរឿងសុំចូលទៅកាន់ទីផ្សារអាមេរិក ដោយមិនបាច់បង់ពន្ធសម្រាប់ផលិតផលស្បែកជើង។ យើងនឹងសាកមើល បើសិនយើងបាន គឺល្អណាស់”។
លោក ហូ ស៊ីវយ៉ុង ប្រធាននាយកដ្ឋាននាំចេញនាំចូល នៃក្រសួងពាណិជ្ជកម្ម ប្រាប់ថា ក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា កំពុងធ្វើការងារនេះជាមួយគ្នាដើម្បីស្នើសុំការលើកលែងពន្ធនាំចូលពីសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា៖ “យើងសង្ឃឹមថានឹងទទួលបានផលប្រយោជន៍កាន់តែច្រើននៅពេលផលិតផលស្បែកជើងទទួលបានការលើកលែងពន្ធនាំចូល ព្រោះវានឹងអាចទាក់ទាញការវិនិយោគថ្មីៗ ដើម្បីបង្កើតការងារបន្ថែមដល់យុវជនខ្មែរ”។
ក្រោយទទួលបានការអនុគ្រោះពន្ធក្នុងពេលកន្លងមក ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលរួមមានផលិតផលវ៉ាលី កាបូបស្ពាយ កាបូបយួរដៃ និងកាបូបដៃ ចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2016 តទៅមិនតម្រូវឱ្យបង់ពន្ធនោះទេ ខណៈមុនការលើកលែងពន្ធការនាំចេញទំនិញទាំងនេះទៅអាមេរិកត្រូវជាប់ពន្ធក្នុងអត្រាចន្លោះពី4.5%ទៅ 20%ឯណោះ៕
