ខ្សែប្រយុទ្ធ Neymar នឹងត្រូវបំពេញការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកទៅកាន់ក្លិប Paris Saint-Germain ក្នុងទឹកប្រាក់ប្រមាណជា502លានអឺរ៉ូ (ស្មើនឹង595លានដុល្លារអាមេរិក) បើបូកទាំងតម្លៃខ្លួន និងប្រាក់បៀវត្សរ៍ ក្រោយពីរូបគេបានប្រាប់ក្លិប Barcelona ថា រូបគេនឹងចាកចេញ។
PSG បានយល់ព្រមទៅលើក្នុងការចំណាយប្រាក់ទិញរំលាយកិច្ចសន្យាចំនួន222លានអឺរ៉ូ (ស្មើនឹង260លានដុល្លារអាមេរិក) ដែលនឹងត្រូវប្រគល់ឲ្យការិយាល័យសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ខណៈដែលនេះគឺជាបែបបទដែលតម្រូវឲ្យធ្វើក្នុងការជម្រះការផ្ទេរ។ Neymar ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Porto កាលពីថ្ងៃពុធ ដើម្បីទទួលការត្រួតពិនិត្យសុខភាពនោះត្រូវបានរំពឹងទុកថា នឹងបង្ហាញខ្លួនជាផ្លូវក្នុងទីក្រុងប៉ារីសនៅសប្តាហ៍នេះ។ កាលពីថ្ងៃពុធដដែលនោះ Neymar ដែលរួមដំណើរដោយឪពុករបស់គេផងនោះបានធ្វើការបញ្ជាក់ប្រាប់ក្លិប Barcelona នៅឯទីលានហ្វឹកហាត់របស់ពួកគេ អំពីគោលបំណងរបស់គេក្នុងការចាកចេញ។ ក្លិបយក្សរបស់អេស្ប៉ាញមួយនេះបានឆ្លើយតបតាមរយៈការនិយាយថា ទឹកប្រាក់ទិញរំលាយកិច្ចសន្យានឹងត្រូវតែបង់ក្នុងចំនួនពេញលេញ។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Lionel Messi ដែលជាមិត្តរួមក្រុមរបស់ក្លិប Neymar បានបង្ហោះសារលាគ្នា នៅលើបណ្តាញសង្គមទៅកាន់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ ខណៈដែលលោក Wagner Ribeiro ដែលជាភ្នាក់ងារតំណាងរបស់គេត្រូវបានដកស្រង់សម្តីខណៈនិយាយថា PSG នឹងចំណាយប្រាក់ស្របតាមតម្លៃខ្លួនដែល Barcelona បានស្នើសុំ។ លោក Ribeiro បានបញ្ជាក់បន្ថែមទៀតថា Neymar កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការផ្ទេរមួយនេះហើយ។ Ribeiro បានប្រាប់ស្ថានីយវិទ្យុរបស់អេស្ប៉ាញ Cadena COPE ថា៖ «PSG នឹងចំណាយប្រាក់រំលាយកិច្ចសន្យាចំនួន222លានអឺរ៉ូ របស់ Neymar នៅថ្ងៃនេះ ហេតុនេះ រូបគេអាចបង្ហាញខ្លួនជាផ្លូវការនៅចុងសប្តាហ៍នេះ»។ Neymar បានផ្ទេរមកពីក្លិប Santos កាលពីឆ្នាំ2013 ក្នុងតម្លៃខ្លួនជិត100លានអឺរ៉ូ ហើយរូបគេត្រូវបានរំពឹងទុកថា នឹងទទួលបានចំណូលជាង1លានដុល្លារក្នុងមួយសប្តាហ៍ នៅ PSG មុនពេលកាត់ពន្ធ៕
ប្រភពពី៖ The Guardian