តុលាការកូរ៉េខាងត្បូងយល់ថា ភ័ស្តុតាងមិនទាន់គ្រប់គ្រាន់ ដូច្នេះ លោក Lee Jae-yong ក៏មិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការនៅឡើយដែរ។
អនុប្រធានរបស់ក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong បានរួចខ្លួនពីបទបញ្ជាចាប់ខ្លួន ក្រោយពីតុលាការទីក្រុង Seoul បានច្រានចោលការស្នើឱ្យចាប់ខ្លួនពីរដ្ឋអាជ្ញា។ ក្រុមរដ្ឋអាជ្ញាបានដាក់ពាក្យស្នើទៅតុលាការដើម្បីធ្វើការចាប់ខ្លួនលោក Lee Jae-yong ក្នុងបំណងបម្រើដល់ការស៊ើបអង្កេតលើសកម្មភាពបន្លំ និងឧបាយកលក្នុងការរៀបចំទីផ្សារ។ មុននោះ លោក Lee ក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេលជិតមួយឆ្នាំ ព្រោះតែអំពើពុករលួយ។
យោងតាមរបាយការណ៍របស់ Nikkei តុលាការទីក្រុង Seoul បានឱ្យដឹងថា ក្រុមរដ្ឋអាជ្ញាប្រមូលបានភ័ស្តុតាងជាច្រើន ប៉ុន្តែមិនទាន់គ្រប់គ្រាន់ដែលអាចឱ្យធ្វើការកាត់ទោស និងមិនមានហេតុផលសមស្របដើម្បីឃាត់ខ្លួនលោក Lee បាននៅឡើយ។ ប្រការនេះមានន័យថា លោក Lee មិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការនោះដែរ។
ក្រុមរដ្ឋអាជ្ញានៅតែបន្តធ្វើការស៊ើបអង្កេត ហើយនឹងអាចស្នើឱ្យចាប់ខ្លួនលោក Lee ម្ដងទៀត បន្ទាប់ពីមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់។ Nikkei បានឱ្យដឹងថា ក្រុមរដ្ឋអាជ្ញាយល់ថា ការសម្រេចរបស់តុលាការគឺពិតជាគួរឱ្យសោកស្ដាយ ប៉ុន្តែ ការចោទប្រកាន់មិនទាន់បានបញ្ចប់នៅឡើយ ហើយការស៊ើបអង្កេតនៅតែបន្តទៅមុខ។
ការចោទប្រកាន់ខាងលើ ទាក់ទងទៅនឹងករណីច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនចំនួនពីររបស់ Samsung Group នោះគឺក្រុមហ៊ុន Cheil Industries និង Samsung C&T។ លោក Lee ត្រូវបានគេគិតថា បានប្រើប្រាស់ករណីច្របាច់បញ្ចូលគ្នានេះដើម្បីមានអំណាចច្រើនជាងមុនក្នុងការគ្រប់គ្រងក្រុមហ៊ុន Samsung។ ទន្ទឹមនឹងនេះ ករណីច្របាច់បញ្ចូលគ្នានោះក៏មានបញ្ហាមិនច្បាស់លាស់ ទាក់ទិននឹងកិច្ចការសវនកម្មផងដែរ៕
ប្រភព៖ The Verge