ស្ពានប្រវែងជិត5គីឡូម៉ែត្រដែលត្រូវបានធ្វើឡើងពីបន្ទះឫស្សីនេះ ស្ថិតនៅចំកណ្ដាលនៃតំបន់បឹង Poyang ក្នុងទីក្រុង Jiujiang ប្រទេសចិន។ តាមគម្រោង ស្ពាននេះនឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ2020។
ក្រុមកម្មករបានសាងសង់ផ្លូវដើរជាស្ពានដែលធ្វើអំពីឬស្សី វែងជាងគេបំផុតក្នុងពិភពលោករួចរាល់ហើយ។ ស្ពាននេះមានទីតាំងនៅក្នុងទីក្រុង Jiujiang ខេត្ត Jiangxi ដែលស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសចិន។ ស្ពាននេះត្រូវបានសាងសង់នៅចំកណ្ដាលតំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)។
ស្ពានឫស្សីនេះមានប្រវែងជិត5គីឡូម៉ែត្រ និងទទឹង3ម៉ែត្រ។ ដើម្បីសាងសង់ស្ពាននេះ គេត្រូវប្រើប្រាស់បន្ទះឫស្សីចំនួនជាង 66,000បន្ទះ។ វត្ថុធាតុសម្រាប់សាងសង់ស្ពាននេះ សុទ្ធសឹងតែមានលក្ខណៈធម្មជាតិ ហើយធន់នឹងទឹកទៀតផង។
ស្ពាននេះនឹងជួយឱ្យអ្នកទេសចរ និងជាងថតរូប ធ្វើដំណើរដោយថ្មើរជើងប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុន ដើម្បីចូលទៅទស្សនាទេសភាពដ៏ស្រស់ស្អាត រួមនឹងសត្វស្លាប និងសត្វព្រៃទាំងឡាយនៅជុំវិញបឹង Poyang នេះផងដែរ។
ស្ពានឫស្សីវែងជាងគេក្នុងពិភពលោកនេះ នឹងត្រូវបើកទ្វារទទួលអ្នកទេសចរចាប់ពីពាក់កណ្ដាលខែមិថុនា ឆ្នាំ2020នេះតទៅ៕
ប្រភព៖ CGTN