មួយរយៈពេលថ្មីៗនេះ ទីផ្សារស្វាយរបស់កម្ពុជាហាក់មានបញ្ហាប្រឈមច្រើនដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ដែលធ្វើឱ្យមានការរឹតបន្តឹងតាមច្រកព្រំដែនជុំវិញប្រទេស ធ្វើឱ្យទិន្នផលរបស់យើងមិនមានទីផ្សារ និងធ្លាក់ថ្លៃខ្លាំង។
នៅថ្ងៃនេះ ស្ថានភាពដំណាំស្វាយអាចនឹងមានភាពប្រសើរឡើងក្រោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានចុះហត្ថលេខាលើពិធីសារផ្លូវការក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងថា ទិន្នផលផ្លែស្វាយនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងក្នុងដំណាក់កាលនេះ ដែលជាដំណាក់កាលត្រូវគិតគូរកាន់តែខ្លាំងក្នុងការស្វែងរកទីផ្សារ។ បើមើលតាមស្ថិតិជាក់ស្តែងនៅចុងឆ្នាំ 2019នេះ ផ្ទៃដីដាំស្វាយមានចំនួន 124,319ហិកតា ដោយក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួន 91,398ហិកតា។ សម្រាប់ទិន្នផលវិញ គឺយើងអាចផលិតបានជាមធ្យមចំនួន 15.85តោនក្នុងមួយហិកតាសម្រាប់រដូវប្រមូលផល ដែលគិតជារួមយើងទទួលបានផលប្រមាណ 1,448,677តោនក្នុងមួយរដូវ។
នេះជាការចរចារប្រកបដោយភាពជោគជ័យជាលើកទី2 ក្នុងការនាំចេញផ្លែឈើស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ដោយកាលពីលើមុន យើងបានជោគជ័យលើការនាំចេញចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន។ ចំពោះចំនួននៅក្នុងកិច្ចព្រមព្រៀងនេះ គឺស្ថានទូតចិនបញ្ជាក់ថានឹងទទួលទិញស្វាយដែលមានគុណភាពខ្ពស់ពីកម្ពុជាប្រមាណ 50ម៉ឺនតោនជារៀងរាល់ឆ្នាំ៕