កម្មវិធីកំប្លែងថ្មីដែលផលិតកម្ម និងស្ថានីយ៍ទូរទស្សន៍ថោនដាក់ចេញក្រោមចំណងជើងថា «ដូច្នឹងផង!» កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ជាមួយឃ្លិបវីដេអូជាច្រើនកំពុងធ្វើឲ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំងក្លាទាំងនៅលើកញ្ចក់ទូរទស្សន៍ លើយូធូប និង កាន់តែផ្ទុះខ្លាំងបំផុតទៅទៀត គឺនៅលើហ្វេសប៊ុកតែម្តង ខណៈដែលការជោគជ័យនេះត្រូវបានគេកត់សម្គាល់ថា ការបញ្ចាំងរឿងដុំនៅលើកញ្ចក់ទូរទស្សន៍ថោនក៏ទទួលបានការគាំទ្រយ៉ាងកក្រើកពីមហាជនយ៉ាងផ្ទួនៗដូចគ្នាដែរ។
លោក ប៊ុន រតនា ដែលគេស្គាល់តាមរយៈការដឹកនាំបទមនោសញ្ចេតនាល្បីៗ បានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា លោកបានចូលទៅគ្រប់គ្រងផ្នែកផលិតកម្មវិធីនៅស្ថានីយ៍ទូរទស្សន៍ Town Full HDTV ជាមួយកម្មវិធីថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។
អ្នកដឹកនាំបទចម្រៀង «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» រូបនេះបានបន្តថា កម្មវិធីថ្មីដែលលោកកំពុងផលិតរួមជាមួយក្រុមការងារផលិតកម្ម និងស្ថានីយ៍ទូរទស្សន៍ថោនដែលបានផ្សាយចេញបណ្តើរៗ រាប់រយឃ្លិបនោះ ជាកម្មវិធីកំប្លែងខ្លី «ដូច្នឹងផង!» ដោយដាក់បញ្ចាំងចាប់រៀងរាល់ថ្ងៃពីច័ន្ទ ដល់អាទិត្យវេលាម៉ោង7.០០នាទី ដល់ម៉ោង9.០០នាទីយប់។
លោក ប៊ុន រតនា ហៅ សេម បានបន្តទៀតថា ដូចយើងដឹងស្រាប់ហើយ កម្មវិធីកំប្លែងវាពិបាកណាស់ ដើម្បីធ្វើឲ្យមនុស្សសើចបាន តែទីបំផុតខាងផលិតកម្មថោន និងស្ថានីយ៍ទូរទស្សន៍ថោនយើងអាចធ្វើវាបាន ដោយជាក់ស្តែងយើងឃើញថា វាអ៊ីចឹងមែន មហាជនចូលចិត្តមើលច្រើនណាស់។
គួរបញ្ជាក់ផងដែរថា លោក ប៊ុន រតនា ជាផលិតករដឹកនាំបទកំសត់ៗ ដូចជាបទ «I am Sorry» បទ «អស់ឱកាស» បទ«ហេតុអ្វីឱ្យបងស្គាល់អូន» បទ «ពេលនេះម៉ោងនេះ ខ្ញុំឈឺចាប់ជាទម្ងន់» និង បទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» និងគ្មាននរណាមិននឹកស្មានថា លោកអាចផលិតកម្មវិធីកំប្លែងខ្លី ធ្វើឲ្យមហាជនផ្ទុះសំណើចបែបនេះសោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖