បិទបញ្ជប់ការជួញដូរក្នុងថ្ងៃទី8មិថុនាម្សិលមិញ ទន្ទស្សន៍ DJIA កើន1.7%បន្ថែមទៀត ជួយឱ្យវាឡើងដល់27,572ពិន្ទុ ចំណែក S&P 500 យកបានពន្ទុចាស់ដែលបានបាត់បង់ក្នុងឆ្នាំនេះត្រលប់មកវិញបន្ទាប់ពីសន្ទស្សន៍របស់វាបានកើន1.2% ខណៈដែលសន្ទស្សន៍ Nasdaq Composite កើន1.1% ជួយឱ្យពន្ទុរបស់វាឡើងដល់ចំណុចឯតទគ្គកម្ម 9,924ពន្ទុ។
នេះគឺជាលើដំបូងហើយដែលសន្ទស្សន៍ខាងលើបានឡើងដល់ចំណុចកំពូលថ្មី រាប់ចាប់ពីខែកុម្ភៈ។ ផ្សារមូលបត្រអាមេរិកមានកំណើនល្អខ្លាំងនៅនាទីចុងក្រោយនៃការជួញដូរក្នុងថ្ងៃទី8មិថុនា ក្រោយពីប្រព័ន្ធបម្រុងសហព័ន្ធ (ធនាគារកណ្ដាលរបស់អាមេរិក/Federal Reserve System (Fed) បានប្រកាសបន្ធូរបន្ថយលក្ខខណ្ឌនៃការទទួលប្រាក់កម្ចីចំពោះបណ្ដាក្រុមហ៊ុនខ្នាតតូច និងមធ្យម។
Nasdaq បានកើនពន្ទុក្នុងពេលថ្មីៗនេះក៏ដោយសារតែភាគហ៊ុនក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍។ ទន្ទស្សន៍នេះបានកើន44% រាប់ចាប់ពីដំណាក់កាលដែលវាបានធ្លាក់ដល់បាតនៅក្នុងខែមីនា។
ក្នុងរយៈពេលកន្លង មូលបត្រនៅសហរដ្ឋអាមេរិកបានងើបក្បាលឡើងខ្ពស់ ព្រោះតែព័ត៌មានល្អពីបណ្ដាក្រុមហ៊ុនផលិតឱសថ និងវ៉ាក់សាំងប្រឆាំងCOVID-19។ ចំណែកការដែលសេដ្ឋកិច្ចត្រូវបាននិងកំពុងបើកដំណើរការឡើងវិញបន្តិចម្ដងៗ ក៏ជាកត្តាមួយផ្សេងទៀតជំរុញឱ្យមូលបត្រនៃក្រុមហ៊ុននានាទទួលបានលទ្ធផលល្អជាងមុន ដោយសារក្រុមអ្នកវិនិយោគចាប់ផ្ដើមមានទំនុកចិត្ត។
ក៏ប៉ុន្តែ កាលពីម្សិលមិញ (8មិថុនា) ខឿនសេដ្ឋកិច្ចអាមេរិកត្រូវបានប្រកាសថា បានធ្លាក់ចូលក្នុងវិបត្តិ។ ដោយមិនរង់ចាំលទ្ធផលស្ដីអំពី GDP នៃត្រីមាសទី2ឆ្នាំនេះ មន្ទីរស្រាវជ្រាវសេដ្ឋកិច្ចជាតិសហរដ្ឋអាមេរិក NBER (National Bureau of Economic Research) បានប្រកាសថា សហរដ្ឋអាមេរិកបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចតាំងពីខែកុម្ភៈមកម្លេះ ដែលប្រការនេះបានបញ្ចប់សម្ទុះនៃកំណើនសេដ្ឋកិច្ចដ៏យូរអង្វែងជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ សញ្ញាទាំង2នេះបានបង្ហាញអំពីភាពផ្ទុយគ្នានៅក្នុងបម្រែបម្រួលរបស់ទីផ្សារមូលបត្រ និងភាពជាក់ស្ដែងនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងអំឡុង11សប្ដាហ៍កន្លងមកនេះ។
សន្ទស្សន៍ S&P 500 បច្ចុប្បន្ននៅតែទាបជាង5% បើធៀបជាមួយនឹងការឡើងដល់ចំណុចកំពូលក្នុងខែកុម្ភៈ2020 ដែលនេះមានន័យថា អស្ថិរភាពនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចនៅតែមានហានិភ័យខ្ពស់នៅឡើយ។ ការកើនឡើងនៃសន្ទស្សន៍ Nasdaq គ្រាន់តែអាចបញ្ជាក់ថា ក្រុមវិនិយោគិនត្រៀមខ្លួនជាស្រេចក្នុងការផ្សងព្រេងរកស៊ីជាមួយបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាតែប៉ុណ្ណោះ ដោយពួកគេសង្ឃឹមថា វិស័យនេះនឹងឆាប់ងើបឡើងវិញនៅក្រោយ “យុគសម័យ” របស់ COVID-19។
មូលបត្ររបស់ Microsoft, Apple និង Alphabet បានកើនឡើងខ្ពស់ជាងគេ បើធៀបជាមួយនឹងបណ្ដាក្រុមហ៊ុនដែលស្ថិតក្នុងសន្ទស្សន៍ផ្សារហ៊ុន Nasdaq។ មូលបត្ររបស់ក្រុមហ៊ុន Amazon និង Facebook ក៏ធ្លាប់បានឡើងដល់ចំណុចកំពូលក្នុងអំឡុងប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះផងដែរ។
ចាប់តាំងពីថ្ងៃទី19កុម្ភៈ ទុនសរុបរបស់ Amazon បានកើនជាង170ពាន់លានដុល្លារបន្ថែមទៀត ដោយសារអ្នកវិនិយោគជឿថា អតិថិជននឹងងាកមកទិញទំនិញអនឡាញ។ Microsoft និង Apple នៅតែជាក្រុមហ៊ុនដែលមានតម្លៃបំផុតនៅសហរដ្ឋអាមេរិក៕
ប្រភព៖ Reuters