ផ្ទះចំនួន93ល្វែងដែលស្ថិតក្នុងគម្រោងមួយរបស់ក្រុមហ៊ុនអចលនទ្រព្យ China Vanke ត្រូវបានលក់ដាច់អស់គ្មានសល់ ដោយប្រើពេលត្រឹមតែ 8ម៉ោងប៉ុណ្ណោះ ដែលនេះបានជួយឱ្យក្រុមហ៊ុនរកបានប្រាក់ 880លានដុល្លារហុងកុងដោយមិនបាច់ហត់យូរ។
ច្បាប់សន្តិសុខហុងកុងដែលទើបត្រូវបានបង្កើតឡើងដោយទីក្រុងប៉េកាំង គំរាមកំហែងខ្លាំងដល់ “តំណែង” ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោករបស់ទីក្រុងហុងកុង ក៏ប៉ុន្តែ វាហាក់មិនមានឥទ្ធិពលច្រើនទៅលើទីផ្សារអចលនទ្រព្យលំដាប់ថ្លៃបំផុតនេះទេ។ កាលពីសប្ដាហ៍មុន មនុស្សរាប់សិបនាក់បានមកតម្រង់ជួររង់ចាំដេញថ្លៃទិញផ្ទះចំនួន94ល្វែងនៅក្នុងគម្រោង The Campton នៅក្នុងមជ្ឈមណ្ឌល Kowloon។
ក្រុមហ៊ុន China Vanke បានឱ្យដឹងថា ផ្ទះចំនួន94ខាងលើ ត្រូវបានលក់ក្នុងតម្លៃចាប់ពី 6.8លានដុល្លារហុងកុង (872.400 USD) សម្រាប់ល្វែងដែលមានបន្ទប់គេងចំនួនមួយ។ ផ្ទះល្វែងចំនួន93ខ្នងត្រូវបានលក់អស់ក្នុងរយៈពេល8ម៉ោង ដែលនេះបានជួយឱ្យក្រុមហ៊ុន China Vanke រកបានប្រាក់ 880លានដុល្លារហុងកុង (113,546,570 USD)។
អ្នកស្រី Li ដែលជាអតិថិជនម្នាក់របស់ក្រុមហ៊ុន China Vanke បានឱ្យដឹងថា “នៅពេលដែលប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចជួបអស្ថិរភាព ប្រាក់សុទ្ធនឹងបាត់បង់តម្លៃយ៉ាងលឿន។ ខ្ញុំចង់យកប្រាក់ទៅទិញផ្ទះដើម្បីការពារតម្លៃរបស់វា”។
នៅពេលគេមើលមួយក្រឡេក គេនឹងឃើញថា បច្ចុប្បន្នមិនមែនជាពេលល្អបំផុតសម្រាប់ទិញអចលនទ្រព្យនៅហុងកុងនោះទេ។ អនាគតរបស់ហុងកុងកំពុងចាប់ផ្ដើមអាប់អួដោយស្រមោលនៃច្បាប់សន្តិសុខហុងកុងរបស់ទីក្រុងប៉េកាំង ដែលនាំឱ្យសហរដ្ឋអាមេរិកគំរាមដកហូតអាទិភាពពិសេសរបស់ទីក្រុងនេះ។
ច្បាប់សន្តិសុខហុងកុងក៏បានធ្វើឱ្យមានការព្រួយបារម្ភចំពោះទុនវិនិយោគដែលនឹងអាច “រត់ចោល” ហុងកុង ផងដែរ បណ្ដាលឱ្យមានបាតុកម្មជាច្រើនកើតឡើង និងបង្កើនអស្ថិរភាពក្នុងតំបន់សេដ្ឋកិច្ច “យក្ស” មួយនេះ។ GDP របស់ហុងកុងត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ទៅ7% ក្នុងឆ្នាំ2020នេះ។
បើទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សមួយចំនួនយល់ថា អស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ បានធ្វើឱ្យអចលនទ្រព្យក្លាយជារបស់ផ្សងព្រេងដែលមានសុវត្ថិភាពជាងទ្រព្យដទៃ។ កាលពីខែមុន Sun Hung Kai Properties លក់បាន 97% ក្នុងចំណោមផ្ទះចំនួន298ល្វែង ប្រមូលបានប្រាក់2ពាន់លានដុល្លារហុងកុង (258,060,386 USD) ក្នុងរយៈពេលតែមួយថ្ងៃ។
អ្នកស្រី Li វ័យ40ឆ្នាំ ជឿជាក់ថា ទីផ្សារអចលនទ្រព្យអាចទប់ទល់នឹងឱនភាពនៃសេដ្ឋកិច្ច ដោយសារតែគិតថា “ដីមិនកើន តែមនុស្សកើន”។ អ្នកស្រីបន្តថា “ហុងកុងតូចណស់។ បើប្រៀបធៀបតម្លៃផ្ទះកាលពី20ឆ្នាំមុន និងពេលនេះ លោកនឹងឃើញថា អចលនទ្រព្យដែលបានទិញកាលណោះ កំពុងតែនាំមកនូវចំណេញយ៉ាងសម្បើម”។
អ្នកស្រី Li និយាយមិនខុសទេ។ ទិន្នន័យរបស់ក្រុមហ៊ុន Centaline Property Agency បានបង្ហាញថា តម្លៃអចលនទ្រព្យនៅហុងកុងបានកើនឡើង230% ចាប់ពីឆ្នាំ2000មកនេះ។ ប្រការនេះបានធ្វើឱ្យពលរដ្ឋហុងកុងកាន់តែជឿជាក់ទៅលើការយល់ឃើញរបស់ពួកគេដែលថា “អចលនទ្រព្យតែងតែជាទ្រព្យសុវត្ថិភាព”។
ទោះបីជាសេដ្ឋកិច្ចកំពុងមានឱនភាព ប៉ុន្តែតម្លៃផ្ទះនៅទីក្រុងហុងកុងបែរជាឡើងថ្លៃ1.2% ក្នុងឆ្នាំនេះ ហើយបច្ចុប្បន្នវាបានឡើងដល់ចំណុចកំពូលរាប់ចាប់ពីខែវិច្ឆិកា ឆ្នាំ2019។
ក្នុងពេលដែលតម្លៃ និងចំនួនផ្ទះនៅក្នុងបណ្ដាទីផ្សារពិភពលោក ដូចជាទីក្រុងឡុងដ៍ ឬសិង្ហបុរីជាដើម កំពុងតែដាំក្បាលចុះ ទីក្រុងហុងកុងឯណោះបែរជាងើបក្បាលឡើង ដោយមានការជួញដូរចំនួន 6,885លើកត្រូវបានធ្វើឡើងក្នុងខែឧសភាកន្លងទៅ។ នេះគឺជាតួលេខខ្ពស់បំផុតក្នុងអំឡុង12ខែមកនេះ។
របាយការណ៍មួយរបស់ Morgan Stanley កាលពីថ្ងៃទី26ឧសភា បានព្យាករថា ក្នុងរយៈពេលវែង ប្រភពផ្គត់ផ្គង់មានកំណត់ និងតម្រូវការខ្ពស់ដោយសារតែអត្រាមានផ្ទះនៅទាបនៅឡើយ រួមនឹងការប្រាក់ជិតស្មើនឹង0% នឹងជំរុញឱ្យទីផ្សារអចលនទ្រព្យនៅហុងកុងកាន់តែងើបឡើងខ្ពស់។
យ៉ាងណាក៏ដោយ ទីផ្សារអចលនទ្រព្យមិនមែនមិនមានហានិភ័យនោះទេ។ ក្រុមហ៊ុននានាកំពុងតែផ្អាកដំណើរការ។ អត្រាបាត់បង់ការងារក៏កំពុងស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត ហើយបើទោះចំនួនការងារដែលបានបាត់បង់ភាគច្រើនជាការងារលំដាប់ទាប ដូចជាវិស័យលក់រាយ ឬសេវាអាហារជាដើម ប៉ុន្តែវាជះឥទ្ធិពលរាលដាលដល់ការងារលំដាប់ខ្ពស់ផងដែរ ដែលប្រការនេះក៏នឹងមានផលប៉ះពាល់ដល់លទ្ធភាពនៃការបង់រំលស់ទ្រព្យរបស់អ្នកទិញ។ Simon Smith ដែលជាប្រធានផ្នែកស្រាវជ្រាវទីផ្សារនិងប្រឹក្សាយោបល់របស់ក្រុមហ៊ុន Savills បានព្យាករថា តម្លៃផ្ទះនៅហុងកុងនឹងធ្លាក់ចុះ5% ក្នុងឆ្នាំនេះ៕
ប្រភព៖ Bloomberg