Skip to content

សន្ទស្សន៍​មូលបត្រ​អាកាស​ចរណ៍​ងើប​ឡើង​វិញ​! លោក​ Trump ថា Warren Buffett “គិតខុស” ​ពេល​លក់​អស់​ភាគ​ហ៊ុន​អាកាស​ចរណ៍

លោក​ Donald Trump បាន​ថ្លែង​ជា​សាធារណៈ​ថា​​ លោក Warren Buffett បាន​ “សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ពេញ​មួយ​ជីវិត​ ប៉ុន្តែ​ លោក​បាន​ធ្វើ​ឱ្យ​មាន​កំហុស​នៅ​ពេល​សម្រេច​ចិត្ត​លក់​អស់​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​អាកាស​ចរណ៍​”។

មុន​នេះ​មិន​យូរ​ប៉ុន្មាន​ មហា​សេដ្ឋី​ Warren Buffett ធ្លាប់​បាន​និយាយ​ថា បាន​លក់​ភាគ​ហ៊ុន​​របស់​លោក​ដែល​មាន​នៅក្នុង​វិស័យ​អាកាស​ចរណ៍។ កាល​ពីថ្ងៃទី​5​មិថុនា​ ក្នុង​សុន្ទរកថា​មួយ​នៅ​សេត​វិមាន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ដែល​ជា​អតីត​កំពូលអ្នក​ជំនួញ​ម្នាក់​ដែរ​នោះ​ បាន​ថ្លែង​ថា “គួរ​ណាស់​តែ​រក្សា​ទុក​ភាគ​ហ៊ុន​ក្នុង​វិស័យ​នេះ (អាកាស​ចរណ៍) ក្នុង​គ្រា​ដែល​វា​បាន​ងើប​ឡើង​វិញ​ក្នុង​ថ្ងៃ​នេះ​”។

មតិ​របស់​លោក​ Trump ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​​មាន​ទិន្នន័យ​បង្ហាញ​ថា តួលេខ​នៃ​កំណើន​ការ​ងារ​នៅ​​​សហរដ្ឋ​អាមេរិក​​ក្នុង​ខែ​ឧសភា​បាន​ឡើង​ខ្ពស់​បំផុត​​រាប់​ចាប់​ពី​ឆ្នាំ​1939​ ដោយ​មាន​ការ​ងារ​ថ្មី​ចំនួន​2.5​លាន​តំណែង​។ អត្រា​បាត់​បង់​ការ​ងារ​ក៏​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ 13.3​%។ ទិន្ន​ន័យ​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​សេដ្ឋ​វិទូ​ចាត់​តុក​ថា​ជា​ភ័ស្ដុ​តាង​បង្ហាញ​ថា​ សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​​បន្ទាប់​ពី​ស្ថាន​ភាព​ COVID-19 ត្រូវ​គ្រប់​គ្រង​​បាន​មួយ​ផ្នែក​។

មហា​សេដ្ឋី​អាមេរិកាំង​ លោក Warren Buffett

ក្រោយ​ពី​មាន​ដំណឹង​ល្អ​ខាង​លើ​ សន្ទុស្សន៍​នានា​ក្នុង​ផ្សារ​ហ៊ុន​​អាមេរិក​ បាន​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​៖ Dow Jones និង S&P កើន​ជា​បន្ត​បន្ទាប់​គឺ 3.1​% និង​ 2.6​%។ ជា​ពិសេស​ មូលបត្រ​​របស់​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Delta Airlines, American Airlines និង​ United Airlines ដែល​មុន​នេះ​ត្រូវ​បាន​មហា​សេដ្ឋី Warren Buffett ​លក់​ចោល​ បាន​ងើប​ក្បាល​ឡើង​វិញ​ក្នុង​ការ​ជួញ​ដូរ​នៅ​ថ្ងៃទី​5​មិថុនា​ ដោយ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​ Delta Airlines កើន​​10​.4​% ខណៈ​ American Airlines កើន​21​% និង​ United Airlines កើន​16.8​%​។

បើ​ទោះ​ជា​ងើប​ក្បាល​ឡើង​វិញ​ ប៉ុន្តែ​​មូលបត្រ​របស់​បណ្ដា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​តែ​មាន​តម្លៃ​ទាប​បើ​ធៀប​ជាមួយ​នឹង​តម្លៃ​កាល​ពី​ដើម​ឆ្នាំ​។ ជា​សរុប​ តម្លៃ​មូលបត្រ​របស់​ United Airlines បាន​ថយ​ចុះ​48​% បើ​ធៀប​នឹង​ដំណាក់​កាល​ចុង​ឆ្នាំ​2019​ ចំណែក​ Delta Airlines បាន​ថយ​ចុះ​38​% ខណៈ​ American Airlines ​ក៏​បាន​ថយ​ចុះ​29​%​ រាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​នេះ​។

ក្រុម​អ្នក​វិភាគ​យល់​ថា​ មតិ​របស់​លោក​ Trump មិន​ទាន់​ប្រាកដ​ថា​ជា​ការ​ត្រឹម​ត្រូវ​នៅ​ឡើយ។​ ​គេ​ត្រូវ​ការ​ពេល​វេលា​ច្រើន​បន្ថែម​ទៀត​​ដើម្បី​អាច​ពិនិត្យ​ទៅ​លើ​ល្បឿន​នៃ​ការ​ងើប​ឡើង​វិញ​ក្នុងវិស័យ​ទេស​ចរណ៍​ និង​អាកាស​ចរណ៍​​ នៅ​ក្រោយ​ការ​គ្រប់​គ្រង​ COVID-19 បាន​ជោគ​ជ័យ ទើប​គេ​អាច​ដឹង​ច្បាស់​ថា ការ​សម្រេច​ចិត្ត​លក់​ភាគ​ហ៊ុន​ក្នុង​វិស័យ​អាកាស​ចរណ៍​របស់​លោក Buffett “ខុស​ឬ​ក៏​ខុស​”៕

ប្រភព៖ CNBC

Leave a Reply

Your email address will not be published. Required fields are marked *