ទូរស័ព្ទឆ្លាតវៃ iPhone ថ្មី ដែលនឹងចេញនៅឆ្នាំ2021 នឹងមានរូបរាងថ្មីស្ទើរទាំងស្រុង ដោយសារ “ក្បាលឆក” របស់វាត្រូវបានបំបាត់ ចំណែកកាមេរ៉ា និងសេនសឺរ នឹងត្រូវស្ថិតក្នុងស្រទាប់អេក្រង់។
Mac Otakara ដែលជាគេហទំព័រមួយធ្លាប់បានបញ្ចេញព័ត៌មានព្យាករត្រឹមត្រូវបំផុតអំពីឧបករណ៍មិនទាន់បង្ហាញខ្លួនរបស់ Apple បានចែករំលែកវីដេអូដែលបង្ហាញអំពីរូបរាងរបស់ iPhone 13 ដែលនឹងចេញលក់នៅឆ្នាំ2021។ ទំព័រនេះបានបង្ហើបឱ្យដឹងអំពីរូបរាង iPhone 13 ដែលត្រូវបានបង្កើតឡើងដោយម៉ាស៊ីនបោះពុម្ភ 3D យោងទៅតាមព័ត៌មានបែកធ្លាយពីផ្ទៃក្នុងរបស់ក្រុមហ៊ុន Apple។
ប្រភពព័ត៌មានបានឱ្យដឹងថា iPhone 13 នឹង “ប្រែកាយ” ទាំងស្រុង ដោយមានរចនារូបរាងជ្រុងដូចទៅនឹង iPhone 5 និងប្រើប្រាស់រន្ធ USB Type C ជំនួសឱ្យ Lightning នាបច្ចុប្បន្ន។ រីឯ ទីតាំងរបស់គ្រាប់ចុចរឹង គ្រាប់ចុចបន្ថែម-បន្ថយសម្លេង និង speaker ក្រៅ នឹងរក្សានៅកន្លែងដដែល។
ការផ្លាស់ប្ដូរធំបំផុតនៅលើ iPhone 13 ឆ្នាំ2021 នោះគឺអេក្រង់ពេញគែមតែម្ដង ដោយសារអេក្រង់ឆកនឹងត្រូវបានបំបាត់។ ប្រភពព័ត៌មានឱ្យដឹងថា បណ្ដុំកាមេរ៉ាខាងមុខ និងសេនសឺរ TrueDepth ប្រើប្រាស់សម្រាប់ Face ID នឹងត្រូវបានលាក់នៅក្រោមអេក្រង់។ ដើម្បីធ្វើបានដូច្នេះ Apple នឹងប្រើបច្ចេកវិទ្យាអេក្រង់របស់ក្រុមហ៊ុន Samsung។
ប៉ុន្តែ ប្រភពព័ត៌មានក៏បានឱ្យដឹងដែរថា Apple ក៏នឹងអាចងាកទៅប្រើសេនសឺរស្កេនក្រយៅដៃផងដែរ។ Touch ID នៅក្រោមស្រទាបអេក្រង់ ជំនួសឱ្យ Face ID ព្រោះថាបច្ចុប្បន្ន បច្ចេកវិទ្យាបង្កប់សេនសឺរក្រោមអេក្រង់គឺមានរួចហើយ។ ការយក Touch ID ទៅដាក់ក្នុងអេក្រង់ មានភាពងាយស្រួលជាងធៀបនឹងការយកសេនសឺរស្កេនផ្ទៃមុខ និងកាមេរ៉ាទៅបង្កប់ក្រោមអេក្រង់។
Mac Otakara ក៏បានឱ្យដឹងថា កំណែតូចបំផុតរបស់ iPhone 13 នឹងមានអេក្រង់ 5.5 inch មិនមែន 5,8 inch ដូចទៅនឹង iPhone 11 Pro ឬ 5,4 inch ដូច iPhone 12 ដែលជិតនឹងបង្ហាញវត្តមាននោះទេ។
នៅខ្នងទូរស័ព្ទ iPhone 13 ក៏មានការផ្លាស់ប្ដូរមួយចំនួនទាក់ទិននឹងកាមេរ៉ា។ ដំណឹងបែកធ្លាយបានបង្ហាញថា iPhone 13 នឹងមានគ្រាប់ចំនួន5ចំណុចនៅខាងក្រោយ ដោយតម្រៀបជារាងជើងក្អែក។ Phonearena ឱ្យដឹងថា iPhone 13 អាចនឹងមានកាមេរ៉ាចំនួន4នៅជ្រុងទាំង4ក្នុងបណ្ដុំកាមេរ៉ា ហើយនៅកណ្ដាលគឺជាសេនសឺរ LIDAR ប្រើសម្រាប់វាស់ជម្រៅរូបភាព និងសម្រាប់ការងារទាក់ទងនឹង AR រួមនិងអំពូលភ្លើង flash ផងដែរ។
បច្ចុប្បន្ន ព័ត៌មានស្ដីអំពី iPhone 13 នៅមានកំណត់នៅឡើយ។ យោងតាមកាលបរិច្ឆេទនៃការបង្ហាញខ្លួនជាប្រចាំឆ្នាំ របស់ Apple ស្មាតហ្វូននេះអាចត្រូវបានឧទ្ទេសនាមនៅក្នុងខែកញ្ញា ឆ្នាំ2021។
និយាយអំពីស្មាតហ្វូនថ្មីរបស់ Apple សម្រាប់ឆ្នាំនេះវិញ ក្រុមហ៊ុននេះមានគម្រោងបញ្ចេញ iPhone 12 ចំនួន4កំណែ រួមមាន iPhone 12 ដែលមានរូបរាងតូចបំផុតត្រឹម5.4 inch និង iPhone 12, iPhone 12 Pro ដែលមានអេក្រង់ 6.1 inch រួមជាមួយនឹង iPhone 12 Pro Max មានអេក្រង់ 67 inch ដែលជាកំណែលំដាប់ខ្ពស់បំផុត។ ប៉ុន្តែ iPhone 12 ត្រូវបានពន្យារពេលដល់ត្រីមាសទី4 ព្រោះតែ COVID-19។ នេះបើតាមការចុះផ្សាយរបស់ 9to5mac ដែលបានដកស្រង់សម្ដី CEO របស់ Broadcom ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ហាតវ៉ែរសម្រាប់ Apple៕