បន្ទាប់ពីមានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមដែលឃើញមានរថយន្តទំនើប2គ្រឿងប្រើស្លាកលេខនគរបាលដូចគ្នា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជារឱ្យសមត្ថកិច្ចតាមឃាត់ខ្លួនម្ចាស់រថយន្ត Mercedes និង Rolls-Royce ពាក់ស្លាកលេខ នគរបាល 2-7715 មកផ្តន្ទាទោសតាមច្បាប់។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា រថយន្តទាំង2គ្រឿងនោះបានប្រើប្រាស់ស្លាកលេខក្លែងក្លាយ។ ដើម្បីទប់ស្កាត់ និងចៀសវាងការភាន់ច្រឡំពីសាធារណជន និងទប់ស្កាត់ការប្រព្រឹត្តិបទល្មើសខាងលើនេះ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជារដល់សមត្ថកិច្ចស្រាវជ្រាវរកឱ្យឃើញនូវរថយន្តទាំង2គ្រឿងនេះ និងឃាត់ទាំងម្ចាស់រថយន្តដើម្បីអនុវត្តតាមនិតិវិធី។
លោកឧត្តមសេនីយ៍បានបញ្ជាក់ផងដែរថា បើប្រជាពលរដ្ឋទាំងអស់បានឃើញរថយន្តទាំង2គ្រឿងនោះ សូមជូនដំណឹងដល់សមត្ថកិច្ចដែលនៅជិតបំផុតជាបន្ទាន់។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តទំនើបទាំង2គ្រឿងនេះបានប្រើស្លាកលេខក្លែងក្លាយដោយស្លាកលេខនោះជាស្លាកលេខដែលបំពាក់លើរថយន្តសមត្ថកិច្ចដែលជាកម្មសិទ្ធរបស់នាយកដ្ឋាននគរបាលទេសចរណ៍។ បើតាមគោលការណ៍ សមត្ថកិច្ចមិនអនុញ្ញាតឱ្យបំពាក់ស្លាកលេខនគរបាល លើរថយន្តឯកជននោះឡើយ។ ស្លាកលេខនេះបំពាក់បានតែលើរថយន្តដឹកកងកម្លាំង ដែលមានស្លាកសញ្ញានគរបាលជាតិ និងរថយន្តដែលជាកម្មសិទ្ធរបស់អង្គភាពនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃប៉ុណ្ណោះ ដែលរថយន្តទាំងអស់នោះត្រូវចុះបញ្ជុះជាសម្បត្តិរដ្ឋត្រឹមត្រូវ៕