ក្រោយពេលស្ថានភាពជំងឺ Covid-19 បានធូរស្រាលបន្តិច រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យនាំចេញអង្ករទៅទីផ្សារក្រៅប្រទេសជាប្រក្រតី ដោយក្នុងនោះបណ្តាប្រទេសជាច្រើនបានចាប់អារម្មណ៍ និងគាំទ្រអង្កររបស់កម្ពុជា។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងថា លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល 5ខែដើមឆ្នាំ2020 សម្រេចបាន 356,097 តោន កើនឡើងប្រមាណ 105,925 តោន ស្មើនឹង 42.34% ដែលធៀបទៅនឹងរយៈ5ខែដើមឆ្នាំ2019 មានចំនួន 250,179 តោន ។
ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ2020 នេះ សម្រេចការនាំចេញអង្ករបាន ចំនួន 55,845 តោន កើនឡើងចំនួន 19,436 តោន ស្មើនឹង 53.30% ធៀបទៅនឹងខែឧសភា ឆ្នាំ2019 ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន 51,683 តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន 3,578 តោន និងអង្ករចំហ៊ុយមានចំនួន 584តោន ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល 5ខែនេះ មានចំនួន 54ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន 24ក្នុងចំណោម28 ប្រទេស ប្រទេសចិន ប្រទេសសមាជិកអាស៊ានចំនួន6 ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន 23 ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន 5 ក្នុងចំណោម 49ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល 5ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ2019 មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ សហភាពអ៊ឺរ៉ុបកើនចំនួន 51.10%, ប្រទេសចិនកើនចំនួន 25.26%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន 45.39%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន 79.40%៕