នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់ថា សូម្បីតែប្រទេសសិង្ហបុរីក៏វិលមុខជាមួយនឹងព័ត៌មានក្លែងក្លាយដែរ មិនថាតែកម្ពុជាយើងនោះទេដែលកំពុងរងផលប៉ះពាល់ដោយសារតែបញ្ហាអសកម្មទាំងអស់នេះ។
នាយកដ្ឋានជំនាញខាងលើបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅតែជាបញ្ហាក្តៅនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យអ្នកប្រើប្រាស់ក៏ដូចជាប្រជាពលរដ្ឋជាច្រើនមានការយល់ច្រឡំ និងបង្កឱ្យមានចលាចលក្នុងសង្គម។ កាលពីកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការដកយកអជ្ញាប័ណ្ណពីអង្គភាពសារព័ត៌មានអនឡាញមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបណ្តាលឱ្យមានការភាន់ច្រឡំជាច្រើនកើតឡើង ដោយឡែកនៅឯប្រទេសសឹង្ហបុរីក៏ជួបនឹងបញ្ហានេះដូចគ្នា។
កាលពីថ្ងៃសៅរ៍ ទី30 ខែឧសភា កន្លងទៅនេះ រដ្ឋាភិបាលសឹង្ហបុរី បានបញ្ជាឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទកុំឱ្យអ្នកប្រើប្រាស់នៅសឹង្ហបុរី អាចចូលមើលទំព័រហ្វេសប៊ុកសារព័ត៌មាន National Times Singapore (NTS) ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតយ៉ាងហោចណាស់ចំនួនបី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នេះបើតាមការឱ្យដឹងពី ក្រសួងទំនាក់ទំនង និងព័ត៌មាន របស់ប្រទេសសឹង្ហបុរី។
បើយោងតាមគេហទំព័ររបស់រដ្ឋាភិបាល ផេកនេះបានផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រឡំនោះមានខ្លឹមសារដូចជា៖ “ការរិះគន់ទាំងអស់នឹងត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលសឹង្ហបុរី តាមរយៈច្បាប់ថ្មី POFMA ដែលមានតែអ្នកនយោបាយកំពុងកាន់អំណាចទើបអាចសម្រេចថាអ្វីជាការពិត។ នេះជាផេកទី៤ហើយដែលបានបង្កើត និងគ្រប់គ្រងដោយបុគ្គលដែលមានឈ្មោះ Alex Tan ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវបានរដ្ឋាភិបាលសឹង្ហបុរីបញ្ជាឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទទាំងអស់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការក្រើនរំឭកដល់អង្គភាពព័ត៌មានអនឡាញ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់សូមមេត្តាជៀសវាងក្នុងការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានក្លែងក្លាយ ដែលវាធ្វើឱ្យមានការយល់ច្រឡំ និងបង្កឱ្យមានចលាចលអសន្តិសុខចំពោះប្រជាពលរដ្ឋដែលមិនបានដឹងច្បាស់ សូមមេត្តាធ្វើការផ្សព្វផ្សាយព័ត៌មានពិតនិងទាន់ហេតុការណ៍៕