ការបាញ់បង្ហោះយានអវកាសដែលមានដឹកអវកាសចរជាប្រវត្តិសាស្ដ្រឡើងទៅលើ “មេឃ” មិនទាន់បាន5ថ្ងៃផង SpaceX ក៏បន្តទទួលបានជោគជ័យក្នុងការបាញ់បង្ហោះបណ្ដុំផ្កាយរណប Starlink ទី8 ឡើងទៅកាន់កន្លងគោចរ។
បណ្ដុំផ្កាយរណបត្រូវបានភ្ជាប់នៅផ្នែកខាងមុខនៃកាំជ្រួចរុញច្រាន Falcon 9។ កាំជ្រួចនេះត្រូវបានបាញ់បង្ហោះឡើងពីស្ថានីយនៃទ័ពអាកាស Cape Canaveral នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី4មិថុនា នៅវេលាម៉ោង21និង25នាទី(ម៉ោងនៅសហរដ្ឋអាមេរិក)។ ការបាញ់បង្ហោះដោយជោគជ័យនេះ បានបញ្ជាក់បន្ថែមអំពីសមត្ថភាពរបស់កាំជ្រួចប្រើឡើងវិញ Falcon 9 ហើយក៏បានជួយឱ្យចំនួនឧបករណ៍នៅក្នុងប្រព័ន្ធផ្កាយរណប Starlink កើនឡើងដល់ 480គ្រឿង។
ប្រហែល2នាទីនិង45វិនាទីក្រោយពីបានបាញ់បង្ហោះ ក្បាលរុញច្រានជាន់ទី1របស់កាំជ្រួច បានផ្ដាច់ខ្លួន និងចុះចតដោយជោគជ័យនៅលើកប៉ាល់គ្មានមនុស្សបើកដែលមានឈ្មោះថា “Just Read the Instructions” នៅលើលម្ហមហាសមុទ្រអាត្លង់ទិក ខណៈដែលក្បាលរុញជាន់ទី2 បន្តនាំផ្កាយរណបចំនួន60 ចូលទៅកាន់គន្លងគោចរកម្រិតទាបរបស់ផែនដី និងបានពង្រាយទៅក្នុងប្រព័ន្ធដែលបានគ្រោងទុកដោយជោគជ័យ ក្រោយរយៈពេល15នាទី។
ជាមួយនឹងការប្រើប្រាស់ឡើងវិញជាលើកទី5នេះ Falcon 9 បានបង្កើតឯតទគ្គកម្មថ្មីមួយទៀត អំពីអាយុកាលរបស់កាំជ្រួចរុញច្រាន។ ដំបូងឡើង គម្រោងបាញ់បង្ហោះខាងលើនេះត្រូវបានកំណត់នៅពាក់កណ្ដាលខែឧសភា ប៉ុន្តែ វាត្រូវបានពន្យារពេលកន្លះខែដោយសារតែឥទ្ធិពលរបស់ព្យុះ Arthur។
ប្រព័ន្ធផ្កាយរណប Starlink ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់សេវាអ៊ីនធើណិតល្បឿនលឿន និងមានវិសាលភាពគ្រងដណ្ដប់ទូទាំងពិភពលោក។ ផ្កាយរណបទាំងនោះនឹងហោះជុំវិញផែនដីនៅលើកម្ពស់ប្រមាណជា550គីឡូម៉ែត្រ។ គោលដៅចុងក្រោយរបស់ក្រុមហ៊ុន SpaceX គឺការបង្កើនចំនួនផ្កាយរណបនៅក្នុងបណ្ដាញអ៊ីនធើណិតនេះ ឱ្យបាន40,000គ្រឿង។
“បើសិនជាជោគជ័យ គម្រោងខាងលើនេះនឹងប្រមូលបានប្រាក់ចំណូល 30ពាន់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ SpaceX” នេះបើតាមការប៉ាន់ប្រមាណរបស់មហាសេដ្ឋី Elon Musk ដែលជា CEO របស់ SpaceX។ ក្រុមហ៊ុននេះ មានគម្រោងផ្គត់ផ្គង់អ៊ីនធើណិតដំបូងគេពីបណ្ដាញ Starlink ទៅឱ្យអតិថិជននៅសហរដ្ឋអាមេរិក និងប្រទេសកាដាណានៅក្នុងឆ្នាំនេះ៕
ប្រភព៖ AFP/Cnet