ក្រសួងទេសចរណ៍ បានចេញលិខិតថ្មីមួយជម្រាបជូនអភិបាលរាជធានី-ខេត្ត ដើម្បីជំរុញឱ្យមានការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែត) និងបៀរហ្កាឌិន។
ក្រសួងទេសចរណ៍បញ្ជាក់ថា វិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ជំងឺ Covid-19 ជាពិសេសមូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែត) និងបៀរហ្កាឌិន នៅតែត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ខ្ជាប់ខ្ជួនជាប្រចាំរហូតដល់មានការជូនដំណឹងជាថ្មីស្តីពីការបន្ធូបន្ថយ ឬកែសម្រួលវិធានការនៅពេលខាងមុខ។ នៅពេលបច្ចុប្បន្ននេះ មានរបាយការណ៍ថានៅមូលដ្ឋានអាជីវកម្ម ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែត) និងបៀរហ្កាឌិនខ្លះ នៅតាមរាជធានីខេត្តមួយចំនួន នៅតែបន្តសកម្មភាពអាជីវកម្មដោយល្មើសនឹងវិធានការរបស់រាជរដ្ឋាភិបាល។
ហេតុនេះក្រសួងសូមរំឮកដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវតែធ្វើការត្រួតពិនិត្យ និងអនុវត្តវិធានការចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែត) និងបៀរហ្កាឌិន ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល៕