ទីក្រុងវ៉ាស៊ីងតោនហាមយន្តហោះដឹកភ្ញៀវពីប្រទេសចិនចូលមកទឹកដីអាមេរិក ចាប់ពីពាក់កណ្ដាលខែមិថុនា ក្រោយពីទីក្រុងប៉េកាំងមិនអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំណើរការជើងហោះហើរទៅប្រទេសចិនឡើងវិញ។
“បណ្ដាក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានស្នើឱ្យមានការតភ្ជាប់សេវាដឹកអ្នកដំណើរជាមួយប្រទេសចិនឡើងវិញ ចាប់ពីថ្ងៃទី1មិថុនា។ ការដែលរដ្ឋាភិបាលចិនមិនយល់ព្រមតាមសំណើរនេះ គឺជាការរំលោភលើកិច្ចព្រមព្រៀងផ្នែកដឹកជញ្ជូនផ្លូវអាកាសរវាងចិនជាមួយនឹងសហរដ្ឋអាមេរិក”។ នេះបើតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក ដែលបានប្រកាសកាលពីថ្ងៃទី3មិថុនា។
ការហាមរបស់សហរដ្ឋអាមេរិកខាងលើនេះ តាមគម្រោងនឹងមានសុពលភាពចាប់ពីថ្ងៃទី16មិថុនាខាងមុខ ប៉ុន្តែអាចត្រូវបានជំរុញឱ្យបានឆាប់ជាងនេះ។ បណ្ដាក្រុមហ៊ុនអាកាសដែលទទួលរងផលវិបាកពីបម្រាមនេះ មានដូចជា ក្រុមហ៊ុនអាកាសចរណ៍ Air China, China Eastern Airlines Corp, China Southern Airlines Co និង Hainan Airlines Holding Co។
បណ្ដាក្រុមហ៊ុនអាកាសចរណ៍អាមេរិកមានដូចជា Delta Air Lines និង United Airlines នៅដើមខែនេះបានស្នើឱ្យចិនបើកផ្លូវឱ្យពួកគេអាចហោះទៅកាន់ប្រទេសចិន ប៉ុន្ត ទីក្រុងប៉េកាំងមិនយល់ព្រម បើទោះជាបណ្ដាក្រុមហ៊ុនអាកាសចរណ៍ចិននៅតែអាចបន្តធ្វើការហោះហើរទៅកាន់សហរដ្ឋអាមេរិកក៏ដោយ៕
ប្រភព៖ សារព័ត៌មានបរទេស