អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងខេត្តសៀមរាប អាចមានសមត្ថភាពទាក់ទាញភ្ញៀវទេសចរបានដល់ទៅជាង9លាននាក់ក្រោយពេលស្ថាបនារូចរាល់នៅឆ្នាំ2023។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាបនេះមានចម្ងាយប្រមាណ 30គីឡូម៉ែត្រពីក្រុងសៀមរាប ស្ថិតនៅភាគខាងកើតក្រុង ដែលតាមគម្រោងនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំ2023ខាងមុខនេះ។
លោកថា យើងមានក្តីសង្ឃឹមដោយសារតែរដ្ឋាភិបាលអនុញ្ញាតឱ្យមានព្រលានយន្តហោះអន្តរជាតិដ៏ធំនេះក្នុងទឹកដីនៃខេត្តសៀមរាប ដែលវាអាចទទួលយន្តហោះគ្រប់ប្រភេទបាន ខុសពីព្រលានយន្តហោះសព្វថ្ងៃដែលទទួលបានត្រឹមយន្តហោះធុនមធ្យមតែប៉ុណ្ណោះ។
នៅពេលដែលដាក់ឱ្យដំណើរការព្រលានយន្ដហោះថ្មីនេះ ខេត្តសៀមរាប នឹងមានកំណើនទេសចរកើនដល់ប្រមាណ9លាននាក់ ដែលព្រលានយន្តហោះថ្មីនេះ អាចផ្ដល់សេវាកម្មបានក្នុងចំណោមភ្ញៀវទេសចរដែលបានមកកម្សាន្ដក្នុងខេត្ដ៕