ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន Science and Technology Daily បានឱ្យដឹងថា តេឡេស្កូបយក្សឈ្មោះ FAST នឹងចាប់ផ្ដើមធ្វើការរុករកចាប់ពីខែ កញ្ញា ឆ្នាំ2020 ខាងមុខនេះតទៅ។
លោក Zhang Tongjie ជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ដែលដឹកនាំផែនការស្វែងរកជីវិតក្រៅភពផែនដីរបស់ចិន (ហៅកាត់ SETI) បាននិយាយថា ការផលិតតេឡេស្កូបយក្ស FAST នេះ បានចាប់ផ្ដើមតាំងពីឆ្នាំ2011 ហើយបានសម្រេចរួចរាល់ក្នុងឆ្នាំ2016។ គេបានចាប់ផ្ដើមប្រតិបត្តិការតេឡេស្កូបនេះកាលពីខែមករា ដោយមានបើកឱ្យអ្នកតារាសាស្ត្រជុំវិញពិភពលោកចូលរួមប្រើប្រាស់វាផងដែរ។
កាលពីខែមីនា ពួកគេបានចេញផ្សាយឯកសារស្រាវជ្រាវអំពីលទ្ធផលនៃការរុករកដំបូងៗជាមួយតេឡេស្កូប FAST នេះ។ ក្នុងនោះមាននិយាយអំពីការស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាពរបស់តេឡេស្កូបក្នុងការលុបបំបាត់រលកហ្វ្រេកង់ដែលមានប្រភពចេញពីផែនដី និងអាចវិភាគដឹងពីសញ្ញាដែលអាចមានប្រភពចេញពីក្រៅភពផែនដីបានយ៉ាងច្បាស់។
បច្ចុប្បន្ននេះតេឡេស្កូប FAST កំពុងស្ថិតក្រោមការកែសម្រួលលើចំណុចនេះ។ ភារកិច្ចរបស់ FAST គឺការរុករកផ្កាយ និងរលកសញ្ញាក្រៅភពផែនដី ដែលអាចឱ្យគេស្វែងយល់កាន់តែច្បាស់អំពីចក្រវាល៕