លោក Lauren Tan ជាវិស្វករ Software ម្នាក់នៅ Facebook បានសរសេរថា៖ “ការដែល Facebook មិនបញ្ចេញសកម្មភាពអ្វីសោះ ក្នុងការលុបចេញនូវការបង្ហោះសំណេររបស់លោក ត្រាំ ដែលញុះញង់ឱ្យមានហិង្សា វាធ្វើឱ្យខ្ញុំនឹកអាម៉ាស់មុខខ្លាំងណាស់ ដែលធ្វើការនៅទីនេះ” ចំណែកបុគ្គលិកដទៃទៀត ក៏សម្ដែងការមិនពេញចិត្តដូចៗគ្នាជាច្រើននាក់លើបណ្ដាញសង្គមយក្សមួយនេះ។
ជាការឆ្លើយតបនឹងរឿងនេះ លោក Mark Zuckerberg បានបង្ហោះសារលើគណនី Facebook ផ្លូវការបកស្រាយថា ៖ “ខ្ញុំពិតជាមិនឯកភាពនឹងការនិយាយរបស់លោកប្រធានាធិបតីអំពីរឿងនេះ ប៉ុន្តែខ្ញុំជឿថា អ្នកគ្រប់គ្នាគួរតែអាចមើលឃើញរឿងនេះដោយខ្លួនឯង ព្រោះអ្នកមានអំណាចត្រូវទទួលខុសត្រូវ ពេលមតិរបស់គេត្រូវគេមើលឃើញជាសាធារណៈបែបនេះ”
រឿងរ៉ាវនេះកើតឡើងក្រោយពេល លោក ដូណាល់ ត្រាំ បានបង្ហោះសារទាំងលើ Twitter និង Facebook ទាក់ទងនឹងបាតុកម្មដែលកើតមាននៅទីក្រុង Minneapolis ដើម្បីទាមទារយុត្តិធម៌ឱ្យ George Floyd ដែលបានស្លាប់យ៉ាងវេទនា ព្រោះប៉ូលិសក្រុង Minneapolis។
ការបង្ហោះសាររបស់លោកប្រធានាធិបតីអាមេរិក បានព្រមានថា “ពេលចាប់ផ្ដើមមានការលួចរបស់របរ ការបាញ់បោះក៏នឹងចាប់ផ្ដើមដែរ”។ ការសម្រេចចិត្តរបស់ថ្នាក់លើ Facebook បានធ្វើឱ្យបុគ្គលិក Facebook ជាច្រើនបង្ហាញចេញនូវការខកចិត្តលើបណ្ដាញសង្គម។
ក្រៅពី Facebook នៅមាន Twitter ដែលបានដាក់ការព្រមានលើការបង្ហោះសាររបស់លោក ត្រាំ ដោយនិយាយថា ជាការលើកតម្កើងអំពើហិង្សា ហើយក៏បានលុបចោលរួចហើយដែរ កាលពីពេលថ្មីៗនេះ៕
https://www.nytimes.com/2020/06/01/technology/facebook-employee-protest-trump.html