ភ្នំពេញៈ ក្រុមហ៊ុនយក្សមួយរបស់ប្រទេសម៉ាឡេស៊ីឈ្មោះ SURIYA PADU DEVELOPMENT SDN.BHD ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីគ្រោងបោះទុន250លានដុល្លារអាមេរិកដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ិស្លាមដំបូងគេនៅកម្ពុជា។
លោក Dato Mohammad Kassim អគ្គនាយកក្រុមហ៊ុន SURIYA PADU DEVELOPMENT SDN.BHD បានបញ្ជាក់ពីព័ត៌មានដ៏ល្អនេះនៅក្នុងជំនួបជាមួយឯកឧត្តម អូស្មាន់ ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី2 សីហានេះថា ក្រុមហ៊ុនរបស់លោកទើបបានសម្រេចវិនិយោគគម្រោងពាណិជ្ជកម្មទំហំជាង100លានដុល្លាអាមេរិកនៅប្រទេសប្រ៊ុយណេ និងកំពុងតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការដាក់ទុនវិនិយោគនៅកម្ពុជាក្នុងគម្រោងមួយដែលមានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ិស្លាមកម្ពុជា (CITC) ដែលតាមការគ្រោងនឹងត្រូវចំណាយទឹកប្រាក់250លានដុល្លាអាមេរិក។
លោកអគ្គនាយកក្រុមហ៊ុនបន្តថា ទំហំទឹកប្រាក់ដែលធំបែបនេះ ក្រុមហ៊ុនមានដៃគូម្ចាស់ភាគហ៊ុនដ៏ធំមួយ គឺមូលនិធិព្រះចៅហ្វៃសាល់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (KFF) ហើយកត្តាដែលញ៉ាំងឲ្យលោកមានគម្រោងវិនិយោគក្នុងទម្រង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មបែបអ៊ិស្លាមមានវត្តមាននៅកម្ពុជា ព្រោះលោកមើលឃើញពីសម្ទុះនៃការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា និងសក្តាពុលសេដ្ឋកិច្ចឧស្សាហកម្មនៅកម្ពុជាជាសមាជិកប្រទេសអាស៊ានមួយដែលកំពុងវិវឌ្ឍទៅរកការឈោងចាប់ឧស្សាហកម្មហាឡាលដើម្បីប្រកួតប្រជែងនៅលើទីផ្សាក្នុងតំបន់ និងអន្តរជាតិផងដែរ។
លោកបន្តឲ្យដឹងថា គម្រោងវិនិយោគនេះគឺផ្តោតសំខាន់ទៅលើឧស្សាហកម្មហាឡាល សណ្ឋាគារនិងទេសចរណ៍ សុខាភិបាល អប់រំ និងផ្សារទំនើបជាដើម។ ឯកឧត្ដម អូស្មាន់ ហាស្សាន់ ក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការអបអរសាទរ និងរីករាយចំពោះគម្រោងដ៍ធំរបស់ម៉ាឡេស៊ីនេះ ហើយឯកឧត្ដមក៏បានត្រៀមខ្លួនសហការជានិច្ចរាល់តម្រូវការចាំបាច់ដែលអាចធ្វើទៅបានដើម្បីលើកកម្ពស់ឱកាស និងកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្ដមក៏បានបង្ហាញពីសក្តានុពលទាំងឡាយដែលជាឱកាសវិនិយោគនៅកម្ពុជាជូនដល់ភាគីម៉ាឡេស៊ីដើម្បីសម្រេចយកចំណុចចាប់ផ្តើមណាមួយដែលជាវិស័យអាទិភាព ហើយចាប់ផ្តើមអនុវត្តជាជំហានដំបូងតែម្តង៕