ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃកំពុងស្នើសុំដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដើម្បីពង្រីកច្រកទ្វារជ្រៃធំឱ្យទៅជាច្រកទ្វារព្រំដែនអន្តរជាតិក្នុងការជំរុញការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើង។
អភិបាលនៃគណៈអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុន បានថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរពាក់ព័ន្ធនៅច្រកទ្វារជ្រៃធំកាលពីថ្ងៃម្សិលមិញនេះថា នាពេលកន្លងមកអាជ្ញាធរខេត្តកណ្តាល និងខេត្តអំាងយ៉ាង ប្រទេសវៀតណាម បានអនុវត្តការចុះកិច្ចព្រមព្រៀងរួចមកហើយនៅលើចំណុចជាច្រើនដើម្បីដាក់បញ្ជូលជាធរមាននៃការដាក់ឲ្យប្រើប្រាស់ស្ពាន កំពង់ដ និងជាថ្ងៃដាក់ឲ្យដំណើរការនៃច្រកទ្វារព្រំដែនជ្រៃធំនេះផងដែរ។
លោកបន្តថា ទន្ទឹមនឹងការដាក់ឲ្យប្រើប្រាស់ស្ពាន កំពង់ដ និងច្រកទ្វារព្រំដែនជ្រៃធំនេះ គឺភាគីកម្ពុជាឈានទៅបិទច្រករបៀងនៅតាមព្រំដែនទាំងអស់តាមការឯកភាពរវាងភាគីវៀតណាម និងកម្ពុជា ក៏ដូចជាឯកភាពអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលយើងផងដែរ។
លោកបន្តថា មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានចុះហត្ថលេខារួចមកហើយ ដើម្បីស្នើសុំទៅដល់សម្តេចតេជោហ៊ុន សែនក្នុងការសុំដំឡើងកម្រិតច្រកទ្វារជ្រៃធំខ្នាតាំងយូឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិដើម្បីបង្កើតទីតាំងចំនួន2 កន្លែងរួមគ្នាមាន ច្រកទ្វារព្រំដែនផ្លូវគោក និងច្រកទ្វារព្រំដែនផ្លូវទឹកដើម្បីបង្កលក្ខណៈងាយស្រួលតាមច្រកទ្វារព្រំដែន ក្នុងនោះគឺកំណត់យកនៅច្រកទ្វារព្រំដែនផ្លូវគោក ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ឆ្លងកាត់ស្ពានជ្រៃធំ ទល់មុខច្រកទ្វារព្រំដែនឡុងប៊ិនដោយមានទីតាំងចម្ងាយ 300ម៉ែត្រពីគល់ស្ពានជ្រៃធំ។ ចំណែកច្រកទ្វារព្រំដែនផ្លូវទឹក ស្ថិតនៅចុងផ្លូវ21ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ឆ្លងកាត់ទន្លេបាសាក់ និងព្រែកជ្រៃធំទល់មុខព្រំដែនឡុងប៊ិនប្រទេសវៀតណាមផងដែរ៕