ភ្នំពេញ៖ ផលិតផល និងទំនិញនៅកម្ពុជាហាក់នៅមិនទាន់ត្រូវបានទទួលស្គាល់គុណភាព ខ្លាំង100%ដូចទំនិញនាំចូលពីក្រៅប្រទេសនៅឡើយទេ។ ហើយដើម្បីពង្រឹងស្តង់ដារគុណភាពនេះ ក្រសួងសិប្បកម្ម និងឧស្សាហកម្មបានពិភាក្សាអនុម័តលើការងារបច្ចេកទេសចំនួន4ចំណុចក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជាដើម្បីធ្វើតេស្តគុណភាពផលិតផល និងទំនិញផ្សេងៗនៅកម្ពុជា។
ឆ្លងកាត់ការពិភាក្សា អង្គប្រជុំបានសម្រេចអនុម័តលើការងារបច្ចេកទេសចំនួន4ចំណុច មានដូចខាងក្រោម៖
1-ស្តង់ដារអន្តរជាតិ ISO ផ្នែកវិធីសាស្ត្រ សម្រាប់ធ្វើតេស្តផលិតផលធ្វើពីឈើ (ក្តារបន្ទះ) មួយចំនួនមកធ្វើជាស្តង់ដារជាតិកម្ពុជាដើម្បីផ្តល់នូវមូលដ្ឋាន និងឯកសារដល់មន្ទីរពិសោធ និងអង្គភាពត្រួតពិនិត្យទាំងអស់សម្រាប់អនុវត្តការវាយតម្លៃចរិតលក្ខណៈ គុណភាព និងសុវត្ថិភាពក្តារបន្ទះសម្រាប់ការប្រើប្រាស់ និងសម្រាប់សម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម។
2-ស្តង់ដារអន្តរជាតិ ISO សម្រាប់ថ្នាំអនាម័យធ្មេញ ការតម្រូវវិធីសាស្ត្រធ្វើតេស្ត និងការដាក់ម៉ាក និងសម្រាប់យថាប្រភេទ បំពង់បឺតប្រភេទជ័រប៉ូលីប្រូពីឡែន(PP) មកធ្វើជាស្តង់ដារជាតិកម្ពុជាដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពអនុវត្តន៍ និងសន្និដ្ឋានលើចរិតលក្ខណៈ រួមទាំងគុណភាព និងសុវត្ថិភាព ជាពិសេសការវាយតម្លៃលើប្រភេទ បរិមាណ និងកម្រិតអនុញ្ញាតសារធាតុគីមីដែលប្រើប្រាស់ក្នុងវត្ថុធាតុដើម ពណ៌ សារធាតុបង្កសម្រាប់ផលិតផលទាំងពីរខាងលើ ។
3-ស្តង់ដារអន្តរជាតិ IEC សម្រាប់គ្រឿងបរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន ចំនួន22 ស្តង់ដារមកធ្វើជាស្តង់ដារជាតិរបស់កម្ពុជាដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពវាយតម្លៃទាំងអស់ធ្វើការត្រួតពិនិត្យវាយតម្លៃគុណភាព និងសុវត្ថិភាពគ្រឿងបរិក្ខារខាងលើក្នុងទិសដៅការពារអ្នកប្រើប្រាស់ពីហានិភ័យ និងបរិស្ថានដែលបង្កដោយគ្រឿងបរិក្ខារទាំងនោះ ។
4-ស្តង់ដារអន្តរជាតិ ISO សម្រាប់ឥដ្ឋការ៉ូសេរ៉ាមិក និងបេតុង ចំនួន3ស្តង់ដារមកធ្វើជាស្តង់ដារជាតិរបស់កម្ពុជាដើម្បីឱ្យក្រុមហ៊ុនផលិតនាំចូល និងអង្គភាពត្រួតពិនិត្យទាំងអស់យល់ដឹងពីប្រភេទចំណាត់ថ្នាក់ សារធាតុផ្សំ ការតម្រូវសម្រាប់គុណភាព និងសុវត្ថិភាពផលិតផលខាងលើ និងនីតិវិធីវាយតម្លៃភាពអនុលោមក្នុងទិសដៅការពារអ្នកប្រើប្រាស់ ហានិភ័យសង្គម និងបរិស្ថានដែលបង្កដោយផលិតផលដែលមិនមានគុណភាព និងសុវត្ថិភាព។ ដោយឡែក បន្ថែមលើការអនុម័តទទួលយកស្តង់ដារអន្តរជាតិ ISO និង IEC អង្កប្រជុំក្រុមប្រឹក្សាជាតិ និងពិនិត្យមើលផងដែរអំពីលទ្ធភាពនៃការដាក់បទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការបញ្ចូលសារធាតុអ៊ីយ៉ូដទៅក្នុងអំបិល ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ក្រសួងផែនការអំពីកង្វះជាតិអ៊ីយ៉ូដ និងជំងឺនានាដែលកើតមានឡើងដោយសារកង្វះជាតិអ៊ីយ៉ូដ ជាពិសេសចំពោះស្ត្រី និងកុមារនៅតាមជនបទ និងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានស្តង់ដារកម្ពុជាអំពីលទ្ធភាពនៃការផលិត និងចរាចរណ៍អំបិលដែលមាន និងមិនមានបញ្ចូលសាធាតុអ៊ីយ៉ូដនៅកន្លែងផលិត និងទីផ្សារនៅតាមបណ្តាខេត្ត រាជធានី ចំនួន10។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្តង់ដារជាតិដែលមានគណៈកម្មការបច្ចេកទេសចំនួន10 បានខិតខំដកស្រង់ចងក្រងយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិបានយ៉ាងច្រើន ពីព្រោះស្តង់ដារទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ដោយផលិតករ អាជីវករ អង្គភាពធ្វើតេស្ត និងអង្គភាពពាក់ព័ន្ធដើម្បីពង្រឹងគុណភាពសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ សង្គម និងបរិស្ថាន ក៏ដូចជាជំរុញដល់ពាណិជ្ជកម្មនាំចេញ និង ឧត្តមភាពប្រកួតប្រជែងផងដែរ ។
ទាក់ទងនឹងបទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការបញ្ជូលជាតិអ៊ីយ៉ូដនៅក្នុងអំបិល ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំឱ្យលេខាធិការដ្ឋាន និងគណៈកម្មការបច្ចេកទេសពន្លឿនការធ្វើស្តង់ដារអំបិលឱ្យបានឆាប់ ពីព្រោះអំបិលមានអត្ថប្រយោជន៍ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងវិស័យឧស្សាហកម្ម ជាពិសេសអំបិលដែលត្រូវប្រើជាគ្រឿងផ្សំសម្រាប់បរិភោគ គឺត្រូវតែបញ្ចូលជាតិអ៊ីយ៉ូដជាដាច់ខាត ពីព្រោះដើម្បីលើកកម្ពស់សុខភាព និងសំខាន់ជួយដល់ការពង្រឹងសតិបញ្ញារបស់កុមារដែលភាគច្រើនរស់នៅតាមទីជនបទ មានកង្វះខាតជាតិអ៊ីយ៉ូដក្នុងចំណីអាហារ៕