គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើគម្រោងសាងសង់ ដើម្បីជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡា និងដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។
ពហុកីឡដ្ឋានថ្មីនេះ គ្រោងនឹងសាងសង់ឡើងនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំ 25ហិកតា ក្នុងគោលបំណងលើកស្ទួយវិស័យកីឡា និងដើម្បីជំរុញការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា នៅឆ្នាំ2023 ខាងមុខនេះ។
គួរបញ្ជាក់ដែរថា គម្រោងពហុកីឡដ្ឋាននេះ អាចនឹងសាងសង់នៅលើផ្ទៃដីដែលមានទំហំប្រមាណជា 25ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (វាលសម្តេចយស)។ ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់ទះ, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (8ទៅ 10ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត។ល៕