ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះការគ្រប់គ្រងភាពមិនប្រក្រតីនានា។ នៅក្នុងដំណើរការនៃការប្រឡងនោះ ក្រសួងអប់រំតែងតែធ្វើការបកស្រាយ និងណែនាំដល់សិស្ស រួមទាំងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានយល់ពីចំណុចដែលគួរចៀសវាង ដើម្បីជាជំនួយស្មារតីដល់សិស្ស កុំឱ្យថ្លោះធ្លោយ ឬធ្វើខុសប្រការទាំងនេះ។
ខាងក្រោមនេះជាប្រការដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖
1.មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី2
2.មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង
3.មិនត្រូវយកសៀវភៅ និងសំណៅគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង
4.មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទសៀវភៅសំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាបកាបូបយួរដៃ ថង់សម្ពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស
5.មិនត្រូវចូលក្នុងបន្ទប់ប្រឡងមុនពេលអនុរក្សហៅឈ្មោះ
6.មិនត្រូវប្រើពាក្យសំដីអាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡងឬក្នុងបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃ
7.មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវ រើរកសំណៅឯកសារ និងសម្ភារផ្សេងៗដែលត្រូវហាមឃាត់មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង
8.មិនត្រូវធ្វើចម្លើយវិញ្ញាសានៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស
9.មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ
10.មិនត្រូវងើបឈរ ងាកឆ្វេងស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
11.មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួនបង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន
12.មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការដើម្បីធ្វើឱ្យសម្គាល់អាគតដ្ឋានរបស់ខ្លួនដូចជាសរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬលុបនឹងទឹកស ឬសរសេររំលងបន្ទាត់ជាដើម
13.មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
14.មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារបង្អួច ធ្វើឱ្យរបើកជញ្ជាំងក្ដារធ្វើឱ្យបាក់បែកតុកៅអី ឬក្ដារខៀនជាដើម
15.មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត
16.មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយាដែលនាំឱ្យខូចសណ្ដាប់ធ្នាប់របៀបរៀបរយនៃការប្រឡង ឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។
ដើម្បីចៀសវាងកំហុស ឬបញ្ហានានាដែលពាក់ព័ន្ធដល់លទ្ធផលនៃការប្រឡងសូមសិស្សានុសិស្សទាំងអស់ស្វែងយល់ និងបង្កើនការប្រុងប្រយ័ត្ន៕