គ្រឹះស្ថានអង្គរបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ក្នុងរយៈពេល 5ខែដើមឆ្នាំ 2020 នេះ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរធ្លាក់ចុះយ៉ាងកំហុកបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គ្រឹះស្ថានខាងលើបានបញ្ជាក់ថា ភ្ញៀវបរទេសដែលបានទិញសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរមានចំនួន 386,093នាក់ ធ្លាក់ចុះ 65.46% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2019 ដោយក្នុងនោះយើងទទួលបានចំណូលសរុបប្រម៉ាណ 18,021,336ដុល្លារ ធ្លាក់ចុះ 64.18%។ ចំពោះការចាត់ចែងថវិកាវិញ ក្នុងចំណោមចំណួលជាង 18លានដុល្លារអាមេរិកនេះ គ្រឹះស្ថានអង្គរបានចំណាយសម្រាប់ឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាចំនួន 77ម៉ឺនដុល្លារ។
ជាដំណោះស្រាយដើម្បីបន្ថយផលប៉ះពាល់លើវិស័យទេសចរណ៍នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដោយសម្រាប់សំបុត្ររយៈពេល1ថ្ងៃអាចចូលទស្សនាបាន 2ថ្ងៃ ហើយសំបុត្រសម្រាប់រយៈពេល3ថ្ងៃអាចទស្សនាបានរយៈពេល5ថ្ងៃ។ បន្ថែមពីលើនេះសម្រាប់សំបុត្ររយៈពេល7ថ្ងៃ ភ្ញៀវទេសចរអាចទស្សនាបានរយៈពេល10ថ្ងៃ៕