នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ក្នុងរយៈពេល1ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ 39 កម្លាំងនគរបាលចរាចរណ៍ផាកពិន័យបានទឹកប្រាក់ប្រមាណ 3ពាន់លានរៀល ឬស្មើនឹង 75ម៉ឺនដុល្លារអាមេរិក។
ឯកឧត្តមបានបញ្ជាក់ផងដែរថាក្នុងរយៈពេលមួយខែនៃការអនុវត្តការរឹតបន្តឹងចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី31 ខែឧសភានេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូគោកត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន 44,755ករណី ដែលមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន 32,726ករណី ស្មើនឹង 73% និងរថយន្តគ្រប់ប្រភេទចំនួន 12,039ករណីស្មើនឹង 27%។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃខែឧសភា កាលពីឆ្នាំ2019 ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរដោយសារតែបញ្ហាគ្រោះថ្នាក់មានការថយចុះចំនួន 130ករណី ក្នុងនោះមានអ្នកស្លាប់ថយចុះ 42នាក់ និងអ្នករបួសថយចុះ 162នាក់៕