មហាសេដ្ឋីនានាដូចជាលោក Steve Jobs ឬ Bill Gates ជាដើម ក៏មានពេលវេលាត្រឹមតែ24ម៉ោងក្នុង1ថ្ងៃ ប៉ុន្តែ ពួកគេដឹងអំពីវិធីដែលជួយឱ្យធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់។
Steve Jobs ដឹងថា ពេលណាត្រូវនិយាយថា “ទេ”
អតីតកំពូល CEO របស់ក្រុមហ៊ុន Apple យល់ថា គន្លឹះដែលជួយឱ្យលោកធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ នោះគឺការដឹងថា ពេលណាគួរនិយាយពាក្យថា “ទេ”។ លោកបង្ហើបឱ្យដឹងកាលពីឆ្នាំ1997 ថា “ការផ្ដោតអារម្មណ៍គឺមានន័យថា ដឹងអំពីវិធីនិយាយថា “ទេ” ជាមួយនឹងគំនិតរាប់រយផ្សេងៗគ្នា”។ ការងាររបស់អ្នកគឺត្រូវតែសម្រេចឱ្យច្បាស់ថា អ្វីគួរចំណាយពេលទៅលើវា និងអ្វីគួរតែកុំចំណាយពេល។
Bill Gates ហាត់សមាធិ
មានមហាសេដ្ឋីល្បីៗជាច្រើន ដូចជា Jack Dorsey ឬ Ray Dalio បានតាំងសមាធិជារៀងរាល់ថ្ងៃ ចំណែកលោក Bill Gates ក៏ដូច្នេះដែរ។ នៅក្នុងអត្ថបទមួយដែលត្រូវបានបង្ហោះនៅលើទំព័រ Gates Notes កាលពីឆ្នាំ2018 មហាសេដ្ឋី Bill Gates បានអះអាងថា “នេះ (ការសមាធិ) គឺជាវិធីដ៏អស្ចារ្យសម្រាប់កែលម្អការផ្ដោតអារម្មណ៍របស់ខ្ញុំ”។
លោក Bill Gates ថ្លែងថា “សមាធិគឺជាការហ្វឹកហាត់សម្រាប់ផ្លូវអារម្មណ៍ ដូចទៅនឹងវិធីដែលយើងធ្វើចលនាសាច់ដុំនៅពេលលេងកីឡាដូច្នោះដែរ”។ មហាសេដ្ឋីរូបនេះបានធ្វើសមាធិ “ចំនួន2ទៅ3ដងក្នុង1សប្ដាហ៍ ក្នុងនោះ ការសមាធិម្ដងចំណាយពេល10នាទី”។ លោកបន្តថា គ្រូបង្ហាត់ផ្នែកសមាធិ បានបង្រៀនលោកអំពី “វិធីយកចិត្តទុកដាក់ទៅលើការគិតក្នុងខួរក្បាល ដូច្នេះវាបានជួយកែលម្អសមត្ថភាពនៃការផ្ដោតអារម្មណ៍”។
Jeff Bezos សម្រេចចិត្តលឿន
CEO របស់ Amazon បានឱ្យដឹងថា ប្រការដែលសំខាន់គឺត្រូវតែធ្វើការសម្រេចចិត្ត “លឿន និងមានគុណភាព” ព្រោះ “ល្បឿន (នៃការសម្រេចចិត្ត) គឺជាប្រការដែលកំណត់លទ្ធផលនៃការរកស៊ី”។ នៅក្នុងសំបុត្រដែលផ្ញើទៅកាន់ភាគហ៊ុនិកកាលពីឆ្នាំ2016 មហាសេដ្ឋី Jeff Bezos បានឱ្យដឹងថា “ក្នុងករណីភាគច្រើន អ្នកត្រូវតែធ្វើការសម្រេចចិត្ត នៅពេលមានទិន្នន័យដែលអ្នកចង់បាន មានចំនួនត្រឹមតែ70%។ បើសិនជារង់ចាំដល់ពេលមានព័ត៌មានគ្រប់90% អ្នកប្រាកដជាតាមមិនទាន់គេនោះទេ”។
លោក Bezos អះអាងថា ជាក់ស្ដែង ការសម្រេចចិត្តលឿន គឺមានសារសំខាន់ជាងការសម្រេចចិត្តត្រឹមត្រូវទៅទៀត។ “មានការសម្រេចចិត្តជាច្រើននៅតែអាចបង្វែរស្ថានការណ៍បាន ដូច្នេះ បើខុសក៏វាមិនមែនជាបញ្ហាធំនោះដែរ”។ លោកបន្តថា “បើសិនជាអ្នកកែប្រែវាបានល្អ ការសម្រេចចិត្តខុសនឹងអាចត្រូវចំណាយតិចជាងអ្វីដែលអ្នកគិតទៅទៀត ខណៈដែលការសម្រេចចិត្តយឺត វាប្រាកដណាស់ថា គឺជាការខាតបង់ធ្ងន់ធ្ងរ”។
Jack Dorsey ប្រជុំដោយប្រើ Google Doc
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ថ្នាក់ដឹកនាំក្រុមហ៊ុនភាគច្រើនយល់ថា ការប្រជុំធ្វើឱ្យសមត្ថភាពបំពេញការងារត្រូវថយចុះ។ ការស្ទង់មតិមួយរបស់សាលាពាណិជ្ជកម្ម Harvard និងសាកលវិទ្យាល័យ Boston បានបង្ហាញថា មេដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននានា បានអះអាងថា កិច្ចប្រជុំនាំឱ្យពួកគេមិនអាចសម្រេចបានភារកិច្ចរបស់ពួកគេ។ ក្នុងចំណោមមេដឹកនាំក្រុមហ៊ុនដែលត្រូវបានស្ទង់មតិ មានរហូតដល់70%និយាយថា ពួកគេមានអារម្មណ៍ថា កិច្ចប្រជុំនានាមិនមានប្រសិទ្ធភាព។
Jack Dorsey ដែលជា CEO របស់ Twitter និង Square មានវិធីប្រជុំខុសប្លែកពីគេ ដែលលោកយល់ថា ជាការជំរុញការត្រិះរិះពិចារណា (Critical thinking)។ មហាសេដ្ឋី Dorsey បានឱ្យដឹងកាលពីឆ្នាំ2018ថា “កិច្ចប្រជុំរបស់យើង ភាគច្រើនធ្វើឡើងតាមរយៈកម្មវិធី Google Doc ដោយចាប់ផ្ដើមជាមួយនឹងការអាន10នាទី រួចហើយបញ្ចេញមតិផ្ទាល់នៅលើហ្វាលទិន្នន័យ”។ លោកបន្តថា “ប្រការនេះជួយឱ្យអ្នករាល់គ្នាងាយស្រួលក្នុងការមូលមតិគ្នា អនុញ្ញាតឱ្យធ្វើការពីចម្ងាយ និងបង្កើនល្បឿននៃការរិះរិះពិចារណា”។
Elon Musk កាត់បន្ថយកិច្ចប្រជុំដែលមិនចាំបាច់
មហាសេដ្ឋី Elon Musk គឺជា CEO របស់ក្រុមហ៊ុន Tesla, SpaceX, The Boring Company និងក្រុមហ៊ុន Neuralink។ លោក Musk ចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្លួនជាមួយនឹងកិច្ចការសំខាន់បំផុត និងរៀបចំពេលវេលាដែលនៅសល់សម្រាប់ធ្វើកិច្ចការផ្សេងៗទៅតាមលំដាប់លំដោយនៃអាទិភាព។ មហាសេដ្ឋីរូបនេះបានថ្លែងនៅសាកលវិទ្យាល័យ Southern California កាលពីឆ្នាំ2014ថា “កុំខ្ជះខ្ជាយពេលវេលារបស់អ្នកទៅលើអ្វីដែលមិនអាចជួយឱ្យអ្នករាល់គ្នាបានល្អប្រសើរ”។
មួយក្នុងចំណោមវិធីដែលជួយឱ្យលោក Elon Musk អាចធ្វើបានប្រការខាងលើ នោះគឺការលុបបំបាត់កិច្ចប្រជុំកាន់តែច្រើន កាន់តែល្អ។ នៅក្នុងសំបុត្រដែលផ្ញើទៅកាន់បុគ្គលិកកាលពីឆ្នាំ2018 មហាសេដ្ឋីរូបនេះថ្លែងថា “ការប្រជុំច្រើនពេកគឺជាជំងឺរបស់បណ្ដាក្រុមហ៊ុនធំៗ ហើយវាតែងតែធ្វើឱ្យអ្នករាល់គ្នាកាន់តែដុនដាប។ ចូរឈប់បើកកិច្ចប្រជុំជាប្រចាំ លើកលែងតែមានកិច្ចការបន្ទាន់បំផុត”។
បើសិនជាត្រូវតែប្រជុំមិនអាចខានបាន លោក Musk ថ្លែងថា អ្នកចាំបាច់ត្រូវតែ “ប្រាកដថានឹងនាំមកនូវប្រយោជន៍ និងតម្លៃដល់អ្នកដែលបានចូលរួម”។ លោកក៏តែងលើកទឹកចិត្តឱ្យបុគ្គលិក “ចាកចេញពីកិច្ចប្រជុំ នៅពេលដឹងថា ខ្លួននឹងមិនទទួលបានប្រយោជន៍”។ លោក Musk អះអាងថា ប្រការនេះនឹងមិនមែនជាអសុជីវធម៌នោះឡើយ៕
ប្រភព៖ CNBC