នៅរសៀលថ្ងៃទី31 ខែឧសភា ឆ្នាំ2020នេះ តារាសិល្បៈមួយក្រុមបានចូលរួមគោរពវិញ្ញាណក្ខន្ធ វីរសិល្បករផ្នែកចម្រៀងអាយ៉ៃ លោកព្រឹទ្ធាចារ្យ ឈិន ឈាង ដែលបានលាចាកលោកនាពេលកន្លងមក។
បង្ហោះភ្ជាប់ជាមួយវីដេអូចូលរួមគោរពវិញ្ញាណក្ខន្ធ ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ដូច្នេះថា «ថ្ងៃនេះនាងខ្ញុំ និង សមាជិកសមាគមសិល្បករខ្មែរ បានចូលគោរពវិញ្ញាណក្ខន្ធ វីរសិល្បករ ផ្នែកចម្រៀងអាយ៉ៃ គឺលោកព្រឹទ្ធាចារ្យ ឈិន ឈាង ដែលព្រឹទ្ធាចារ្យបានទទួលមរណភាពនៅរសៀលម៉ោង3និង45នាទីកាលពីម្សិលមិញ នៅគេហដ្ឋានរបស់លោកគ្រូ ដែលស្ថិតនៅសង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត។សូមដួងវិញ្ញាណក្ខន្ធលោកគ្រូបានទៅសោយសុខក្នុងសុគតិភពកុំបីអាក់ខានឡើយ»។
សូមជម្រាបបញ្ជាក់ថា វីរសិល្បករ ផ្នែកចម្រៀងអាយ៉ៃ លោកព្រឹទ្ធាចារ្យ ឈិន ឈាង បានទទួលមរណភាព កាលពីថ្ងៃទី29 ខែឧសភា ឆ្នាំ2020 វេលាម៉ោង3និង45នាទីរសៀល ក្នុងជន្មាយុអាយុ75ឆ្នាំ ដោយសារជំងឺគាបសរសៃឈាមក្នុងខួរក្បាល។ ជំងឺមួយនេះ កើតមានលើរូបលោកព្រឹទ្ធាចារ្យរយៈពេល18ឆ្នាំហើយ មើលមិនជាសះស្បើយសោះ ដោយគ្រួសារបញ្ជូនលោកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម និងប្រទេសថៃ ព្រមទាំងមន្ទីរពេទ្យល្បីៗនៅកម្ពុជាជាច្រើនទៀត ប៉ុន្តែស្ថានភាពជំងឺរបស់លោកហាក់នៅតែមិនប្រសើរ។ ក្រោយមក សាច់ញាតិ សម្រេចទុករូបលោកថែទាំនៅផ្ទះ ស្ថិតនៅក្បែរវត្តនាគវ័ន្ដ ក្នុងសង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតទទួលមរណភាពតែម្ដង។ លោក ឈិន ឈៀង និងភរិយា គឺអ្នកស្រី អ៊ុក សូផា បានក្លាយជាគ្រូ និងអ្នកចម្រៀងច្រៀងអាយ៉ៃល្បីឈ្មោះទាំងពីរនាក់តាំងពីអំឡុងឆ្នាំ1979៕