ក្រុមហ៊ុន Google ត្រូវបានគេប្ដឹងទៀតហើយ ទាក់ទងទៅនឹងការរំលោភបំពានទៅលើភាពឯកជនរបស់អ្នកប្រើប្រាស់ Android ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយមដែលមនុស្សរាប់លាននាក់កំពុងប្រើប្រាស់ទូទាំងពិភពលោក ប៉ុន្តែប្រព័ន្ធប្រតិបត្តិការនេះ តែងតែមានបញ្ហាច្រើនជាមួយនឹង ការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ បើប្រៀបធៀបទៅនឹងប្រព័ន្ធ iOS ។
ថ្មីៗនេះ ក្រុមហ៊ុន Google ត្រូវបានប្ដឹងដោយអគ្គរដ្ឋអាជ្ញានៃរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុននេះបានធ្វើការតាមដានទីតាំងរបស់អ្នកប្រើប្រាស់តាមប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ ដោយខុសច្បាប់ និងគ្មានការយល់ព្រមពីពួកគេ ទោះបីជាពួកគេបានបិទមុខងារតាមដានទីតាំង (Location) នេះដោយខ្លួនឯងហើយក៏ដោយ។ នេះបើយោងតាមការផ្សព្វផ្សាយពីសារព័ត៌មាន វ៉ាស៊ីនតោន ផូស្ត កាលពីថ្ងៃពុធកន្លងទៅ។
ការចោទប្រកាន់នេះទាក់ទងទៅនឹងក្រុមហ៊ុនបន្តតាមដានទីតាំងរបស់អ្នកប្រើប្រាស់ ជាមួយកម្មវិធីអាកាសធាតុ និងការស្វែងរកគេហទំព័រផ្សេងៗនៅលើកម្មវិធី Chrome ទោះបីជាអ្នកប្រើប្រាស់បានបិទមុខងារនេះនៅក្នុងកម្មវិធីនិមួយៗនោះក៏ដោយ ហើយបែរជាតម្រូវឱ្យអ្នកប្រើប្រាស់ចូលទៅបិទមុខងារតាមដានទីតាំងនៅក្នុង Settings ដែលប្រកបដោយភាពស្មុគស្មាញទៅវិញ។
កាលពីពេលកន្លងទៅ ក្រុមហ៊ុន Google ក៏បានជួបនឹងបញ្ហាស្រដៀងគ្នានឹងករណីខាងលើនេះដែរ ហើយក្រុមហ៊ុនក៏បានរងការផាកពិន័យជាច្រើនលើកច្រើនសាផងដែរ ដូចជានៅពេលថ្មីៗនេះ សហភាពអឺរ៉ុបបានផាកពិន័យក្រុមហ៊ុន ហ្គូហ្គល ចំនួន 1.8ពាន់លានដុល្លារ ទាក់ទងទៅនឹងការរំលោភបំពានក្នុងការប្រើប្រាស់ទិន្នន័យដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ទូរសព្ទវៃឆ្លាតទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះមុខងារតាមដានទីតាំងនេះ បើមិនមានការចាំបាច់ប្រើសូមកុំបើកវាអី ឬមុននឹងចូលប្រើកម្មវិធីផ្សេងៗទាក់ទងទៅនឹងអ៊ីនធឺណិត សូមចូលទៅបិទដោយផ្ទាល់ផង៕