Skip to content

ក្រុម​ហ៊ុន​មេ​របស់​ TikTok ចាក​ចេញ​ពី​ប្រទេស​ចិន​ដោយ​ស្ងាត់​ៗ​​ជា​បណ្ដើរ​ៗ​ហើយ ព្រោះ​តែ​មិន​ចង់​ដូច​…

ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ TikTok កំពុង​តែ​បោះ​ជំហាន​ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ ដោយ​គោល​ដៅ​សំខាន់​របស់​ក្រុម​ហ៊ុន​នេះ អាច​ជា​សហរដ្ឋអាមេរិក​។

ការ​ដែល​ TikTok អញ្ជើញ​ Kevin Mayer ពី​ក្រុម​ហ៊ុន​ Walt Disney មក​ធ្វើ​ជា​ CEO បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​គោល​បំណង​របស់ ByteDance ក្នុង​ការ​រើ​ក្បាល​ម៉ាស៊ីន​របស់​ខ្លួន​បន្តិច​ម្ដង​ៗ​ ចាក​ចេញ​ពី​ប្រទេស​ចិន​​ដែល​ជា​ស្រុក​កំណើត​។ ឥរិយា​បថ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​​ពិភព​លោក​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ ពាន់់​ព័ន្ធ​នឹង​បញ្ហា​ជា​ច្រើន​ជុំវិញ​រឿង​នយោបាយ​ សេដ្ឋកិច និង​សុខភាព​។

យុទ្ធ​សាស្ត្រ​ខាងលើ​នេះ​ មិន​ត្រឹម​សំដៅ​ទៅ​លើ​តែ​ TikTok (ដែល​មិន​មាន​មុខ​នៅ​ប្រទេស​ចិន​) នោះ​ទេ តែ​វា​អនុវត្ត​ចំពោះ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត​របស់​ ByteDance ក្នុង​នោះ​ក៏មាន​បណ្ដាញ​សង្គម​​នៅ​ឥណ្ឌា ដូច​ជា​ Helo ជា​ដើម​។

ByteDance បាន​ពង្រីក​​សកម្ម​ភាព​​ផ្នែក​បច្ចេកទេស​ ស្រាវ​ស្រាវ​ និង​អភិវឌ្ឍ​នានា​របស់​ TikTok នៅ​ Mountain View ក្នុង​រដ្ឋ​ California សហរដ្ឋ​អាមេរិក​។ ប្រភព​ព័ត៌មាន​របស់​ Reuters បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នេះ​បាន​ជួល​​វិស្វករ​ផ្នែក​ព័ត៌​មាន​វិទ្យា​ចំនួន​ជាង​150​នាក់​នៅ​ទីនេះ​ផងដែរ​។ ByteDance ក៏បាន​ជួល​នាយក​ផ្នែក​ទំនាក់​ទំនង​ម្នាក់​ ដែល​ធ្វើ​ការ​នៅ​ការិយាល័យ​ក្នុង​ទីក្រុង​ New York ដើម្បី​រក្សា​ទំនាក់​ទំនង​ជា​មួយ​ក្រុម​អ្នកវិនិយោគ​ធំៗ​ ដូច​ជា General Atlantic និង KKR ជា​ដើម​។ កន្លង​មក ទំនាក់​ទំនង​នេះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ទីស្នាក់​ការ​នៅ​រដ្ឋ​ធានី​ប៉េកាំង​។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ចិន ByteDance នេះ​ តែង​តែ​ជ្រើស​រើស​​​បុគ្គលិក​ផ្នែក​ព័ត៌មាន​វិទ្យា​​ជា​បន្ត​បន្ទាប់​នៅ​ពាស​ពេញ​ពិភពលោក​ ក្នុង​នោះ​មាន​ សិង្ហបុរី​ ឥណ្ឌូនេស៊ី​ និង​ប៉ូឡូញ​ជាដើម​។ល។

Zhang Yiming ស្ថានិក​របស់​ក្រុម​ហ៊ុន​ ByteDance ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ TikTok

ដើម្បី​បង្ហាញ​ថា ក្រុម​ហ៊ុន​ ByteDance មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ TikTok បាន​បញ្ជូន​កម្លាំង​ផ្នែក​បច្ចេក​វិទ្យា​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​ជា​បណ្ដើរ​ៗ​ហើយ​ ដោយ​​គោល​ដៅ​គឺ​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ ទំនាក់​ទំនង​ស្អិត​ល្មួត​រវាង​ក្រុម​ហ៊ុន​ជាមួយ​នឹង​ក្រុម​វិស្វករ​ IT នៅ​ប្រទេស​ចិន​​នឹង​ជា​ឧបសគ្គ​ធំ​សម្រាប់​គោល​ដៅ​នេះ​។ ក្រៅ​ពី​ TikTok ក្រុម​ហ៊ុន ByteDance ក៏​មាន​កំណែ​ស្រដៀង​នឹង​​ TikTok មួយ​ផ្សេង​​​ទៀត​សម្រាប់​​អ្នក​ប្រើ​ប្រាស់​នៅ​ប្រទេស​ចិន​ នោះ​គឺ​ Douyin។ ការ​បែង​ចែក​នេះ​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ តែ​ពួក​វា​មាន​រចនា​សម្ព័ន្ធ​តែ​មួយ​។ ចំណែក​បច្ចេក​ទេស​ និង​ទម្រង់​បង្ហាញ​រូប​ភាព​(interface)​ របស់​ TikTok និង Douyin ក៏​ប្រហាក់​ប្រហែល​គ្នាដែរ​។

Paul Marquest មេធាវី​របស់​ CFIUS (Committee on Foreign Investment in the United States) ដែល​ជា​​គណៈ​កម្មធិការ​វិនិយោគ​​បរទេស​​​ក្នុង​ទឹក​ដី​​សហរដ្ឋ​អាមេរិក​​របស់​រដ្ឋាភិបាល​អាមេរិកាំង​ បាន​ឱ្យ​ដឹង​ថា ការ​ព្យាយាម​បង្កើត​រចនា​សម្ព័ន្ធ​របស់​ ByteDance គឺជា​ប្រការ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​។ CFIUS នឹង​វាយ​តម្លៃ​ថា​តើ​ក្រុម​ហ៊ុន​នេះ​ពិត​ជា​រកស៊ី​ដោយ​ឯករាជ្យ​ និង​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​​មែន​ដែរ​ឬ​អត់​។

បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ហាម​ឃាត់​ច្រើន​ពីសហរដ្ឋ​​អាមេរិក​ ប៉ុន្តែ TikTok នៅ​តែ​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ក្នុង​ការ​រក​ស៊ី​។ ស្ថិតិ​ថ្មី​បំផុត​ពី​​ក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ទីផ្សារ​ ឈ្មោះ Sensor Tower នៅក្នុង​ខែ​មេសា​ ឆ្នាំ​2020​ បាន​បង្ហាញ​ថា TikTok បាន​យក​ឈ្នះ​ Youtube ហើយ​​បាន​ក្លាយ​ជា​កម្មវិធិ​​ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ដោយ​រក​បាន​78លាន​ដុល្លារ​ក្នុង​1​ខែ​។ នៅ​ដើម​ឆ្នាំ​នេះ​ TikTok ក៏​បាន​យក​ឈ្នះ​លើ​ WhatsApp ហើយ​ក៏​​បាន​ក្លាយ​ជា​កម្ម​វិធី​ (App) ដែល​មាន​អ្នក​ទាញ​យក​មក​ប្រើប្រាស់​​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ផងដែរ​៕

ប្រភព​៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *