ក្រុមអ្នកច្នៃប្រឌិតជនជាតិអ៊ីស្រាអែល បានបង្កើតម៉ាស់ការពារមេរោគកូរ៉ូណាជាមួយមាត់បញ្ជាពីចម្ងាយ ដែលអាចអនុញ្ញាតឱ្យមនុស្សបរិភោគអាហារបាន ដោយមិនចាំបាច់ដកម៉ាស់ចេញ ជាឧបករណ៍ដែលពួកគេនិយាយថា អាចធ្វើឱ្យការចូលទៅភោជនីយដ្ឋានមិនសូវមានគ្រោះថ្នាក់។
ដង្កៀបច្របាច់ ដែលធ្វើប្រតិបត្តិការដូចហ្វ្រាំងដៃកង់ដែរនោះ នឹងបើកមាត់នៅខាងមុខម៉ាស់ដើម្បីឱ្យអាហារឆ្លងកាត់បាន។ ដំណើរការនេះអាចមានភាពច្របូកច្របល់ ជាមួយនឹងការ៉េម ឬទឹកជ្រលក់ ប៉ុន្តែបើជាអាហារដែលរឹងៗជាងនេះ អាចចូលបានយ៉ាងងាយស្រួល។
លោក អាសាហ្វ ជីតេលីស អនុប្រធានក្រុមហ៊ុន Avtipus Patents and Inventions បាននិយាយកាលពីថ្ងៃអង្គារទី19 ឧសភាថា “ម៉ាស់នឹងបើកមាត់ ដោយប្រព័ន្ធមេកានិច តាមរយៈការបញ្ជាពីចម្ងាយដោយដៃ ឬបើកមាត់ដោយស្វ័យប្រវត្តិនៅពេលណាដែលមានសម ឬស្លាបព្រា មកនៅពីមុខម៉ាស់។ បន្ទាប់មកអ្នកអាចញ៉ាំ ឬផឹកដោយគ្មានការបារម្ភ ហើយពេលអ្នកដកសម ឬស្លាបព្រាចេញវិញ វានឹងបិទវិញដោយស្វ័ប្រវត្តិ ហើយអ្នកថែមទាំងត្រូវបានការពារពីវីរុស និងមនុស្សផ្សេងទៀតដែលអង្គុយជាមួយអ្នកទៀតផង។
ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតម៉ាស់នេះក្នុងរយៈពេលប៉ុន្មានខែទៀត ហើយបានដាក់ស្នើសុំប៉ាតង់រួចហើយ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនទំនងជានឹងលក់វាក្នុងតម្លៃពី ៣ ទៅ ១០សេគែល (ប្រមាណ 0.85ដុល្លារទៅ 1.85ដុល្លារអាមេរិក)៕