ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសថា ក្រដាសប្រាក់ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ នៅតែអាចចរាចរណ៍លើទីផ្សារដដែល គ្មានការហាមឃាត់នោះទេ។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថាដោយមើលឃើញថាទាំងក្នុងឃ្លាំងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញ នូវវិធានការមួយចំនួនដូចខាងក្រោម៖
-ធនាគារជាតិនៃកម្ពុជា នឹងផ្តល់ពេលវេលាចំនួន3ខែ ចាប់ពីថ្ងៃទី1 ខែមិថុនា ឆ្នាំ2020 ដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2020 ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ។
-បន្ទាប់ពីថ្ងៃទី31 ខែសីហា ឆ្នាំ2020 ធនាគារជាតិនៃកម្ពុជា នឹងផ្ទេរការចំណាយដឹកជញ្ជូនចេញ ទៅក្រៅប្រទេសលើក្រដាស ប្រាក់ដុល្លារអាមេរិកប្រភេទ 1ដុល្លារ 2ដុល្លារ និង5ដុល្លារ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ 10ដុល្លារ ឡើងទៅ គឺមិនមានកម្រៃសេវាទេ ។
-ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួល ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ការពិភាក្សាក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមមតិពីតំណាង ក្នុងវិស័យលក់រាយមួយចំនួនផងដែរ។ ធនាគារជាតិនៃកម្ពុជា ក៏សូមបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើ មិនមានន័យថា ជាការហាមឃាត់ចរាចរ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗទាំងនេះ នៅលើទីផ្សារនោះទេ៕