ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍ជនបទ បានប្រកាសកែប្រែលក្ខខណ្ឌខ្លះក្នុងការបើកផ្លូវឱ្យរោងម៉ាស៊ីន និងអ្នកទិញស្រូវមានលទ្ធភាពទទួលបានកម្ចីបន្ថែមសម្រាប់ទិញស្រូវសែនក្រអូបដើម្បីរួមចំណែកក្នុងការទប់ស្កាត់តម្លៃស្រូវមិនឱ្យធ្លាក់ចុះខ្លាំង ខណៈដែលការប្រមូលផលស្រូវសែនក្រអូបកាន់តែជិតមមាញឹកខ្លាំង។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរលិខិតមួយទៅកាន់សហព័ន្ធស្រូវអង្ករកម្ពុជាថា រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាពិសេសចំនួន 20លានដុល្លារ និងបូករួមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន 7លានដុល្លារផ្សេងទៀតសម្រាប់ផ្តល់ប្រាក់កម្ចីដល់រោងម៉ាស៊ីន និងក្រុមអ្នកទិញស្រូវសម្រាប់ទិញស្រូវនៅរដូវប្រមូលផលខាងមុខនេះ។
ក្នុងលិខិតដែលបានចុះថ្ងៃទី25 ខែកក្កដា ឆ្នាំ2017 បានលើកឡើងពីការស្នើទៅធនាគារអភិវឌ្ឍន៍ជនបទក្នុងការកែសម្រួលលក្ខខណ្ឌដើម្បីទទួលបានកម្ចីបន្ថែម ដោយយោងទៅលើស្ថានភាពជាក់ស្តែងនៃរោងម៉ាស៊ីន និងការខ្វះខាតអចលនទ្រព្យសម្រាប់ដាក់បញ្ចាំជាថ្នូរនឹងការទទួលបានកម្ចីបន្ថែម។ លក្ខខណ្ឌដែលបានកែសម្រួលគោលការណ៍ផ្តល់ឥណទាននោះ គឺម្ចាស់រោងម៉ាស៊ីន និងក្រុមអ្នកទិញស្រូវ អាចយកស្រូវនាងខុនដែលស្តុកទុកក្នុងឃ្លាំងរបស់ខ្លួនច្រើននោះ យកទៅធ្វើជាទ្រព្យបញ្ចាំ។
ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ម្ចាស់រោងម៉ាស៊ីន និងក្រុមអ្នកទិញស្រូវបានមកដាក់ពាក្យទទួលយកកម្ចីសម្រាប់ទិញស្រូវសែនក្រអូបដែលចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ ជាពិសេសនោះគឺធនាគារអភិវឌ្ឍន៍ជនបទ បានកែសម្រួលលក្ខខណ្ឌក្នុងការទទួលកម្ចីបន្ថែម ដោយយកស្រូវនាងខុនក្នុងឃ្លាំងរបស់ខ្លួនសម្រាប់ធ្វើជាទ្រព្យបញ្ចាំតែប៉ុណ្ណោះ។
មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ បានអះអាងថា ខ្លួននឹងទម្លាក់កម្ចីដល់រោងម៉ាស៊ីន និងអ្នកទិញស្រូវក្នុងរយៈពេលត្រឹមតែពីរថ្ងៃ បើសិនបំពេញលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមគោលការណ៍ឥណទានដែលអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ។
ជាមួយការកែប្រែលក្ខខណ្ឌថ្មីនេះ ម្ចាស់រោងម៉ាស៊ីនមួយចំនួនបានសាទរចំពោះការទទួលបានកម្ចីបន្ថែមសម្រាប់ទិញស្រូវសែនក្រអូបនៅពេលប្រមូលផលនេះ។
លោក ហេង ផេង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាម្ចាស់រោងម៉ាស៊ីន និងក្រុមហ៊ុនថ្មគោល រ៉ាយ នៅខេត្តបាត់ដំបង បានអះអាងថា ការកែសម្រួលលក្ខខណ្ឌនេះពិតជាល្អសម្រាប់រោងម៉ាស៊ីន ព្រោះរោងម៉ាស៊ីនដែលមិនមានស្រូវសែនក្រអូបក្នុងស្តុក គាត់អាចយកស្រូវនាងខុនទៅដាក់ជាទ្រព្យធានាដើម្បីបានទុនបន្ថែមទៀត។
ទោះបីជាយ៉ាងណា លោក ហេង ផេង នឹងមិនស្វែងរកទុនពីធនាគារអភិវឌ្ឍន៍ជនបទក្នុងរដូវកាលនេះទេ ព្រោះលោកបានបម្រុងទុនមួយចំនួនដោយប្រើប្រាស់កម្ចីពីធនាគារពាណិជ្ជសម្រាប់ការប្រមូលទិញស្រូវសែនក្រអូបនៅពេលខាងមុខនេះ។
លោក ភូ វាសនា ម្ចាស់រោងម៉ាស៊ីន អ៊ឹង វណ្ណម៉ៅនៅខេត្តបាត់ដំបង ចាត់ទុកការកែសម្រួលលក្ខខណ្ឌថ្មីនេះស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់រោងម៉ាស៊ីន ព្រមទាំងបង្កលក្ខណៈឱ្យរោងម៉ាស៊ីនទទួលបានកម្ចីបន្ថែមសម្រាប់បង្កើនការទិញស្រូវ។
លោកបញ្ជាក់ថា៖“រោងម៉ាស៊ីនជាច្រើនមានស្រូវនាងខុនក្នុងឃ្លាំង ហើយទុនរបស់គេនៅស្រូវនេះមួយផ្នែកធំ ចឹងទេបើគាត់ត្រូវការទុនបន្ថែមគាត់ចាំបាច់ត្រូវប្រើប្រាស់ស្រូវនាងខុនសម្រាប់ជាទុនបង្វិល”។ តាមលោក ហេង ផេង នៅដើមខែសីហានេះ តម្លៃស្រូវនៅតែមានតម្លៃប្រសើរព្រោះ ស្រូវសែនក្រអូបនៅមិថុនា មានតម្រូវការខ្ពស់សម្រាប់ប្រើប្រាស់ក្នុងស្រុក ហើយនៅគ្រប់បណ្តារោងម៉ាស៊ីន មានតិចតួចណាស់សម្រាប់ប្រភេទស្រូវនេះ។
បើយោងតាមសម្រង់តម្លៃស្រូវរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បច្ចុប្បន្ននេះតម្លៃស្រូវសែនក្រអូបលក់នៅតាមស្រែមានតម្លៃ1,010រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះប្រសើរជាងពីរដងបើធៀបនឹងតម្លៃកាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ2016 ពេលដែលប្រជាកសិករចេញតវ៉ាជាលើកដំបូងនៅខេត្តបាត់ដំបង៕