ខ្សែប្រយុទ្ធ Daniel Sturridge បានរងរបួសភ្លៅម្ខាង ក្រោយពីបានស៊ុតបាល់បញ្ចូលទី1គ្រាប់ ក្នុងពេលក្រុមហង្សក្រហម Liverpool លត់ក្រុមម្ចាស់ផ្ទះ Bayern Munich យ៉ាងចាស់ដៃក្នុងលទ្ធផល 3-0 ក្នុងការប្រកួតមិត្តភាពដណ្តើមពាន Audi Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារ។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសវ័យ27ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីត្រឹមតែ15នាទីក្រោយពីបានចូលលេងក្នុងនាមជាកីឡាករបម្រុងតាមរយៈការរកគ្រាប់បាល់ទី3ឲ្យក្រុមរបស់ខ្លួន។ ប៉ុន្តែភ្លាមៗបន្ទាប់ពីនោះ រូបគេត្រូវបានប្តូរចេញនៅនាទីទី87 ខណៈដែលលោក Jurgen Klopp បាននិយាយថា លោកសង្ឃឹមថា បញ្ហារបួសរបស់គេមិនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរឡើយ។
ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ក្រុមរបស់លោក Klopp បានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងតង់ទី1 ខណៈដែលខ្សែបម្រើប្រយុទ្ធ Sadio Mane និង Mohamed Salah សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី ខណៈដែលក្រុម Liverpool នឹងត្រូវឈានទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Atletico Madrid នៅថ្ងៃពុធនេះ។ Mane បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ដោយរូបគេបានរកគ្រាប់បាល់បើកឆាក ក្រោយពីលេងបានត្រឹមតែ6នាទី ក្រោមការបញ្ជូនបាល់យ៉ាងល្អពីសំណាក់ខ្សែបម្រើ Firmino។ បន្ទាប់មក ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះ បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Salah ដើម្បីរកបានគ្រាប់បាល់ទី2សម្រាប់ក្រុម Liverpool នៅលើទឹកដីនៃកីឡដ្ឋាន Allianz Arena។
ជ័យជម្នះនេះបានធ្វើឲ្យក្រុម Liverpool ឈានទៅជួបក្រុម Atletico របស់អេស្ប៉ាញ ដែលបានផ្តួលក្រុម Napoli ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតគូទី1នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នានេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង1:30ទៀបភ្លឺ៕
ប្រភពព័ត៌មាន៖ BBC