ភ្នំពេញៈ ខណៈដំណឹងចូលរោងការ ដែលមហាជនចង់ដឹងដោយក្តីអន្ទះសារ រវាងតារាសម្តែងស្រីជើងចាស់មេម៉ាយកូនមួយអ្នកនាង ចន ច័ន្ទលក្ខិណា អតីតភរិយាតារាសម្តែងប្រុសជើងចាស់គឺលោក យុត្ថារ៉ា ឆានី និងគូស្នេហ៍ថ្មីជាអ្នកជំនួញពោះម៉ាយកូនមួយដែរគឺលោក ហេង ឡុង ហៅ រដ្ឋ ចេះតែបន្លាយពេលទៅមុខនោះ ក៏ស្រាប់តែថ្មីនេះលេចឮថា ខាងប្រុសសំណូមពរចង់បានកូនពីខាងស្រីនៅឆ្នាំនេះតែម្តង។
នេះបើតាមសារមួយដែលបង្ហោះចេញ ពីគណនីហ្វេសប៊ុករបស់តារាសម្តែងស្រី បានបើកហាងសាឡន ហាងលក់ផ្កា និងបន្ថែមជំនួញគ្រឿងសម្អាង ខណៈម្ដងម្កាល អ្នកនាងក៏ធ្លាប់អំពាវនាវពីទីតាំងអចលនទ្រព្យដែលល្បីថាជាការជួយការងារជំនួញរបស់គូស្នេហ៍នាងផងដែរសរសេរថា៖ «យី! ហ៊ា ឡុង មកមើលក្មួយបែរជាមកទារចង់បានកូនដែរ សុទ្ធតែថាចង់បានកូនឆ្នាំរកា ជប់សិល្ប៍មែន!នឹកថាចង់បានភ្លាម ណ្ហើយបញ្ឈប់គំនិតនេះភ្លាម មានភារៈជាបង ជាបង្គោល ច្រើនណាស់ ចុងឆ្នាំត្រីរៀបការស្រីពៅហើយ!បងៗចាប់ផ្តើមវិលមុខ ត្រៀមហត់ទៀតហើយ ការងារសាឡន ការងារថតកុន ការងារសមាគម ការងារសង្គមផ្សេងទៀត ការងារសម្រាប់ក្រុមគ្រួសារ ត្រូវរៀបចំទុកដាក់ឲ្យប្អូនៗមានគ្រួសារឲ្យអស់សិន»។
គ្រាមុននេះបន្តិច ក៏ធ្លាបឃើញលោក ហេង ឡុង ធ្លាប់បានបង្ហោះរូបមួយសន្លឹក ដោយមានរូបលោក និងលោកអាចារ្យដេញពេលាមង្គលក្នុងសភាពមួយមានកាយវិការត្រងត្រាប់ចាំស្តាប់ ដោយយកចិត្តទុកដាក់មែនទែន ហើយក៏បង្ហើរសារមួយឃ្លានោះថា៖ «មកជួបលោកគ្រូចាក់គម្ពីរ រកថ្ងៃរៀបការ»។ សារនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលទាំងក្នុងមជ្ឈដ្ឋានអ្នកគាំទ្រ និងមិត្តអ្នកសិល្បៈតែម្តង បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នា និងបណ្តើរគ្នាដោយបើកចំហយូរក្រែលណាស់មកហើយ និងធ្លាប់មានដំណឹងលេចឮថា បុរសពោះម៉ាយកូនមួយរូបនេះ ក៏បានសន្យាដែរថា នឹងកំណត់ថ្ងៃរៀបការនាពេលសង់ផ្ទះវីឡាសម្រាប់រួមរស់ជាមួយគ្នាក្រោយថ្ងៃរៀបការរួច។
ស្រាយចម្ងល់លោក ហេង ឡុង ក៏បានស្រាយថា៖ «អូ! តាមពិតទៅជាសារសម្តីខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះ! ហើយនោះគឺជារូប ដែលខ្ញុំថតជាមួយនឹង លោក ឃ្លាំង ហួត ជាអភិបាលខណ្ឌជ្រោយចង្វារ ទេតើ ខណៈខ្ញុំរួមដំណើរនៅក្នុងពិធីដង្ហែកឋិនទានទៅកាន់ខេត្តពោធិ៍សាត់ ជាមួយគាត់នាពេលថ្មីៗនេះ ហើយក៏បានឆៀងចូលលេង នៅឯកន្លែងរមណីយដ្ឋានអ្នកតាឃ្លាំងមឿង ក៏ចូលចាក់គម្ពីរលេងទៅ»៕