ស្ថិតក្នុងដំណាក់កាលនេះការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ គ្រប់សាលារៀនទាំងអស់ត្រូវបានបិទទ្វា ដែលធ្វើឱ្យសិស្សជាច្រើនត្រូវសិក្សានៅតាមផ្ទះតាមរយៈបច្ចេកវិទ្យា ឬប្រព័ន្ធផ្សព្វផ្សាយជាដើម។ ដំណាក់កាលនេះ ចាំបាច់ត្រូវការយកចិត្តទុកដាក់ឱ្យបានខ្លាំងព្រោះ អង្គការនានារកឃើញថាការដែលកុមារនៅផ្ទះយូរពេកអាចបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើន។
អង្គការ UNICEF បានបញ្ជាក់ថា កុមារងាយរងគ្រោះបំផុត អាចរងគ្រោះខ្លាំងជាងគេពីការបិទសាលាដោយសារជំងឺ Covid-19។ ពួកគេមិនគ្រាន់តែទៅសាលារៀនដើម្បីទទួលការអប់រំនោះទេ តែពួកគេអាចទៅសាលាដើម្បីទទួលបានអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ប្រើប្រាស់ទឹកស្អាត និងបរិក្ខាអនាម័យ ហើយពេលខ្លះទៀតសាលារៀនជាទីកន្លែងសុវត្ថិភាពបំផុតពីអពើហិង្សាផ្សេងៗសម្រាប់ពួកគេ។
វិបត្តិផ្នែកសុខភាពពីមុនបានធ្វើឱ្យយើងដឹងថា នៅពេលដែលកុមាពុំបានទៅសាលារៀនកាន់តែយូរ ពួកគេនឹងកាន់តែពិបាកត្រឡប់ទៅរៀនវិញ។ UNICEF បញ្ជាក់ថា ខ្លួនកំពុងធ្វើការងារជាមួយនឹងរាជរដ្ឋាភិបាល និងអង្គការដៃគូនានាដើម្បីការពារកុមារដែលមិនមានការអើពើ និងវិនិយោគលើសាលារៀនដែលប្រសើរ និងមានសុវត្ថិភាពជាងមុន៕