សិស្សមធ្យមសិក្សាម្នាក់ មានអាយុ17ឆ្នាំ នៅសហរដ្ឋអាមេរិក បង្កើតបានគេហទំព័រមួយដើម្បីជួយឱ្យអ្នករាល់គ្នា តាមដានស្ថានការណ៍របស់ COVID-19 នៅទូទាំងពិភពលោក។ គេហទំព័រនេះកំពុងតែមានភាពល្បីល្បាញខ្លាំង រហូតដល់មានក្រុមហ៊ុនខ្លះត្រៀមចំណាយប្រាក់8លានដុល្លារដើម្បីបានផ្សាយពាណិជ្ជកម្ម ប៉ុន្តែ កុមាររូបនេះមិនយល់ព្រម។
Avi Schiffmann រស់នៅក្នុងតំបន់ Seattle នៃរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បច្ចុប្បន្នសិក្សានៅសាលាមធ្យមសិក្សា Mercer Island។ តាំងពីតូច Avi Schiffmann ចូលចិត្តកុំព្យូទ័រខ្លាំងណាស់ ដោយសារតែទទួលឥទ្ធិពលពីការងារជាអ្នកសរសេរកូដកម្មវិធីកុំព្យូទ័ររបស់ឪពុក។
កាលពីប៉ុន្មានខែមុន Avi Schiffmann បង្កើតបានគេហទំព័រមួយដែលមានអាសយដ្ឋាន ncov2019.live ប្រើប្រាស់ដើម្បីប្រមូលព័ត៌មានទាក់ទិននឹងស្ថានការណ៍នៃវីរុសCOVID-19 ពីបណ្ដាប្រទេស ក៏ដូចជាពីអង្គការសុខភាពពិភពលោក WHO ព្រមទាំងអាចធ្វើបច្ចុប្បន្នភាពនៃតួលេខអ្នកជំងឺ អ្នកបានជាសះស្បើយ និងអ្នកបានស្លាប់ដោយសារវីរុសCOVID-19។ល។
Avi បានចំណាយកម្លាំងកាយ ចិត្ត និងពេលវេលាជាច្រើនដើម្បីរក្សាគេហទំព័រនេះឱ្យដំណើរការបានល្អ ក៏ដូចជាដោះស្រាយបញ្ហាពាក់ព័ន្ធ។ កុមាររូបនេះបានប្រាប់អ្នកយកព័ត៌មានរបស់ Bussiness Insider ថា មកដល់ពេលនេះ Avi បានចំណាយពេលរាប់រយម៉ោងដើម្បីសរសេរកូដ និងដំណើរការគេហទំព័រនេះ ហើយមានពេលមួយនោះ Avi ត្រូវធ្វើការរយៈពេលប្រហែល50ម៉ោងជាប់ៗគ្នាទៀតផង។
គេហទំព័រនេះ ត្រូវបានបង្កើតឡើងដើម្បីធ្វើបច្ចុប្បន្នភាពនៃស្ថានការណ៍របស់ COVID-19 ដូច្នេះ ពេលណាក៏មានអ្នកចូលមើល។ ពេលគេហទំព័រជួបបញ្ហាក្នុងពេលគាត់កំពុងគេង ពេលភ្ញាក់ដឹងខ្លួន Avi តែងតែឃើញសារផ្ដល់ដំណឹងរាប់ពាន់ ដូច្នេះ Avi មានអារម្មណ៍ថា ខ្លួនមានភារកិច្ចធំធេងចំពោះកិច្ចការនេះ។
គេហទំព័រ ncov2019.live ទទួលបានអ្នកចូលមើលប្រមាណជា30លាននាក់ក្នុងមួយថ្ងៃៗ ហើយបើគិតមកដល់បច្ចុប្បន្ន គេហទំព័រនេះមានអ្នកចូលមើលជាង700លានលើក។ ដូច្នេះ វាជារឿងធម្មតា នៅពេលមានក្រុមហ៊ុនខ្លះចង់ចំណាយប្រាក់ដើម្បីបានផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រនេះ។
Avi បានឱ្យដឹងថា ធ្លាប់មានគេស្នើជួលឱ្យផ្សាយពាណិជ្ជកម្មនៅលើ ncov2019.live របស់គាត់ក្នុងតម្លៃឡើងដល់8លានដុល្លារ ក៏ប៉ុន្តែ Avi បានបដិសេធ។ បើសិនជាទទួលការផ្សាយពាណិជ្ជកម្ម Avi អាចរកបានដល់ទៅ30លានដុល្លារឯណោះ។ ប៉ុន្តែ កុមាររូបនេះនិយាយថា ការរកប្រាក់មិនមែនជាគោលបំណងនៃការបង្កើតគេហទំព័រនេះនោះទេ។
Avi ថ្លែងថា “ប្អូនទើបតែមានអាយុ17ឆ្នាំ ប្អូនមិនត្រូវការ8លានដុល្លារនោះឡើយ។ល។ ប្អូនមិនចង់មានឈ្មោះថាជាមនុស្សឃើញតែប្រាក់នោះទេ”។
ក្រៅពីនេះ Avi ក៏បានឱ្យដឹងថា មូលហេតុផ្សេងមួយទៀតដែលនាំឱ្យប្អូនបដិសេធ8លានដុល្លារនេះ នោះគឺ Avi មិនចង់ឃើញឃ្លីបវីដេអូផ្សាយពាណិជ្ជកម្មលោតឡើងនៅលើគេហទំព័ររបស់ខ្លួន ព្រោះថា Avi មិនអាចគ្រប់គ្រងវាបាន។ Avi មិនចង់ថែរក្សាគេហទំព័រដោយការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ឬត្រូវទទួលយកអ្វីដែលខ្លួនមិនចូលចិត្តនោះដែរ។
Avi និយាយថា មានអ្នកអានជាច្រើនមកពីបណ្ដាប្រទេសដែលមានល្បឿនអ៊ីនធើណិតមិនសូវបានលឿន ហើយបើសិនជាដាក់ឃ្លីបវីដេអូផ្សាយពាណិជ្ជកម្មទៀត វានឹងកាន់តែធ្វើឱ្យគេហទំព័រត្រូវដើរយឺតមិនខាន។ ក៏ប៉ុន្តែ Avi ក៏បានផ្ដល់ជម្រើសមួយដល់សប្បុរសជនផងដែរ នោះគឺការដាក់ប៊ូតុង “បរិច្ចាគ” នៅលើគេហទំព័រនេះ ដើម្បីងាយស្រួលដល់ការគាំទ្រពីសំណាក់អ្នកចិត្តល្អ។
Avi ទទួលបានការអញ្ជើញឱ្យចូលធ្វើការនៅក្នុងក្រុមហ៊ុនជាច្រើនដោយសារតែជោគជ័យរបស់គេហទំព័រខាងលើ ក្នុងនោះក៏មាន Microsoft ផងដែរ។ ប៉ុន្តែ បច្ចុប្បន្ន Avi មិនទាន់ចង់ធ្វើការនៅឡើយ។ កុមាររូបនេះមានផែនការផ្ទាល់ខ្លួន និងមានកិច្ចការជាច្រើនដែលចង់ធ្វើ ពិសេសគឺកិច្ចការដែលមានការរួមផ្សំរវាងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងវិស័យវេជ្ជសាស្ត្រ៕
ប្រភព៖ សារព័ត៌មានបរទេស