កម្ពុជាជាប្រទេសដែលផ្តោតសំខាន់លើវិស័យទេសចរណ៍ ព្រោះនៅទូទាំងប្រទេសសំបូរទៅដោយតំបន់ទេសចរណ៍ទាំងវប្បធម៌ ធម្មជាតិ និងតំបន់អច្ឆរិយៈជាច្រើនដែលប្លែកគេក្នុងពិភពលោក។
ថ្មីៗនេះក្រោយជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា យើងឃើញថាមានចំណុចសំខាន់3 ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរអូស្រ្តាលី។
ចំនុចទី1 ឯកអគ្គរដ្ឋទូតអូស្ត្រាលីបញ្ជាក់ថាកម្ពុជាជាប្រទែសក្នុងក្តីស្រមៃរបស់ភ្ញៀវទេសចរ ដោយសារតែកម្ពុជាមានតំបន់សៀមរៀបអង្គរ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសានដីស្រស់ស្អាត ប្លែកភ្នែក និងទាក់ទាញខ្ពស់។ ហើយឯកឧត្តមសន្យាថានឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ទាំងអស់នោះ ទៅកាន់ប្រជាជនអូស្ត្រាលី ឱ្យបានស្គាល់ពីសក្តានុពលទាំងអស់នោះ។
ចំណុចទី2 ថ្មីៗនេះកម្ពុជាទើបតែអនុញ្ញាតឱ្យនាវា Westerdam ចូលចតក្នុងកាលៈទេសៈដែលនាវានេះកំពុងត្រូវការជំនួយបន្ទាន់ ហើយបណ្តារតំបន់ជាច្រើនបានបដិសេធដោយសារតែខ្លាចជំងឺ Covid-19។ ចំណុចនេះធ្វើឱ្យប្រជាជនលើពិភពលោក ជាពិសេសប្រជាជនអូស្ត្រាលីមានការភ្ញាក់ផ្អើល កោតសរសើរ និងចង់មកដល់កម្ពុជាដែលជាទឹកដីប្រកបដោយសប្បុរសធម៌នេះផ្ទាល់។
ចំនុចសំខាន់ទី3 គឺឯកឧត្តម ថោង ខុន បានស្នើសុំឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីពន្លឿនការរៀបចំការហោះហើរត្រង់ពីអូស្ត្រាលីមកកម្ពុជា ដែលធ្វើឱ្យភ្ញៀវទេសចរកាន់តែមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ដោយមិនចំណាយច្រើន និងមិនបាច់ឆ្លងកាត់ប្រទេសនានាក្នុងតំបន់មុននឹងមកដល់កម្ពុជាឡើយ៕