លោក Mauricio Pochettino មានការព្រួយបារម្ភថា ក្រុមមាន់ខ្នាយមាស Tottenham នឹងមិនអាចធ្វើការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League បានទេ ប្រសិនបើលោកមិនទិញចូលកីឡាករថ្មីៗដែលអាចបង្ខំឲ្យខ្សែប្រយុទ្ធ Harry Kane ខ្សែបម្រើ Dele Alli និងកីឡាករសំខាន់ៗជាច្រើនផ្សេងទៀត បង្កើនកម្រិតលេងរបស់ពួកគេទេនោះ។
លោក Pochettino ទទួលស្គាល់ថា Tottenham មិនអាចធ្វើការប្រជែងផ្នែកហិរញ្ញវត្ថុជាមួយនឹងក្លិបដែលមានទ្រព្យធនច្រើនឡើយ ប៉ុន្តែ លោកមានការប្តេជ្ញាចិត្តក្នុងការនៅជាមួយក្រុមរបស់លោកដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុម Chelsea កាលពីរដូវកាលមុន។ គ្រូបង្វឹករូបនេះ មិនទាន់បានទិញចូលកីឡាករណាម្នាក់នៅរដូវក្តៅនេះឡើយ ខណៈដែលខ្សែការពារ Kyle Walker បានចាកចេញពី Spurs ទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួនដ៏ខ្ពស់មួយ។ អ្នកចាត់ការទូទៅរូបនេះ ជឿជាក់ថា ភាពរឹងមាំក្នុងក្រុមអាចនឹងបាត់បង់ ប្រសិនបើកីឡាករដែលមានស្រាប់មិនមានការប្រកួតប្រជែងជាមួយនឹងកីឡាករចំណូលថ្មី ឬក៏ធ្វើឲ្យកៅអីរបស់ពួកគេក្នុងក្រុមស្ថិតក្នុងការគំរាមទេនោះ។ លោក Pochettino បានឲ្យដឹងថា៖ «តើក្លិប Manchester City, Liverpool, Chelsea និងក្លិបផ្សេងទៀតបានព្យាយាមក្នុងការធ្វើឲ្យរដូវកាលរបស់ពួកគេកាន់តែល្អប្រសើរឡើងយ៉ាងដូចម្តេច?
ការនាំយកកីឡាករ និងព្យាយាមដាក់សម្ពាធបន្ថែមទៀតទៅលើតារាឆ្នើមៗ និងកីឡាករសំខាន់ៗរបស់ពួកគេ គឺជារឿងដែលយើងត្រូវតែធ្វើដែរសម្រាប់ក្រុមរបស់យើង»។
ក្រោយពីបានចូលរួមជាមួយនឹងក្លិប Tottenham កាលពីឆ្នាំ2014មក លោក Pochettino បានបញ្ជាក់ថា ការរំពឹងទុកផ្សេងៗបានផ្លាស់ប្តូរ ស្របពេលមានការព្រួយបារម្ភថា កីឡាករឆ្នើមៗអាចនឹងចាកចេញ ប្រសិនបើក្លិបនេះ មិនបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ទេនោះ៕
ប្រភពព័ត៌មាន៖ The Guardian