ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗប្រជាជនខ្មែរទទួលទានបន្លែប្រមាណ 570តោន ដែលក្នុងនោះជាង 400តោនជាផលិតផលក្នុងស្រុក ហើយជាង 100តោនផ្សេងទៀតនាំចូលពីបរទេស។
កន្លងមកកម្ពុជាបាននាំបន្លែពីប្រទេសមួយចំនួនដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន ជាដើម តែក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺ Covid-19 នេះការនាំចូលមានសភាពចង្អៀតបន្តិចដែលអនុញ្ញាតឱ្យដំណាំក្នុងស្រុកកាន់តែមានសក្តានុពល។ ស្ថិតក្នុងដំណាក់កាលបែបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញប្រជាជនឱ្យខិតខំប្រឹងប្រែងដាំដុះដោយខ្លួនឯង ស្របពេលដែលធនាគារអភិវឌ្ឍជនបទ ក៏បានទម្លាក់កម្ចីជាច្រើនលានដុល្លារដើម្បីជំរុញការដាំដុះ និងចិញ្ចឹមសត្វនៅក្នុងស្រុកផងដែរ។
គួរបញ្ជាក់ថា ប្រសិនបើប្រជាជនកម្ពុជាបានដាំដុះ និងផ្គត់ផ្គង់កាន់តែច្រើនក្នុងទីផ្សារក្នុងប្រទេស នោះជីវភាពរបស់ប្រជាជននឹងមានការកើនឡើងកាន់តែខ្លាំង ហើយកំណើននៃអាហារគីមីក៏មានការថយចុះផងដែរ ព្រោះភាគច្រើនផលិតផលដំណាំដែលដាំដុះនៅក្នុងស្រុកនាពេលថ្មីៗនេះភាគច្រើនជាផលិតផលធម្មជាតិ និងមិនប្រើប្រាស់សារធាតុគីមីច្រើននោះទេ៕