សាលារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាជនដែលមិនទាន់ ឬមិនព្រមបង់ថ្លៃសំរាមប្រញ៉ាប់បង់ដើម្បីកុំឱ្យទទួលការចាត់វិធានការនានាពីអាជ្ញាធរ។
សាលារាជធានីភ្នំពេញបញ្ជាក់ថា ក្រោយពីបានចាប់ផ្តើមអនុវត្តទទួលការបង់ថ្លៃសេវាសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិក រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា មានបងប្អូនប្រជាពរលដ្ឋភាគច្រើនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរួចហើយ។ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតនៅមិនទាន់បំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅឡើយ។
ហេតុនេះអ្នកដែលមិនទាន់បានបង់សូមប្រញ៉ាប់មកបង់ថ្លៃសេវាឱ្យបានទាន់ពេលវេលា បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តចាត់វិធានការមួយចំនួនដូចជា៖
1.បញ្ចេញបញ្ជីរឈ្មោះអ្នកមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធាណៈ តាមបណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា
- កត់ត្រាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន
3.អនុវត្តវិធានការផ្សេងៗទៀតបើចាំបាច់៕