សម្រាប់ប្រិយមិត្តដែលត្រូវការកុំព្យូទ័រខ្នាតតូចមានតម្លៃធូរថ្លៃយកទៅប្រើប្រាស់ក្នុងការសិក្សា និងធ្វើការងារក្នុងការិយាល័យទាក់ទងនឹងការវាយអត្តបទ និងការងារលើអ៊ិនធើណេតមួយចំនួននោះ ក្រុមការងារគេហទំព័រឡារ៉ែន សូមណែនាំនូវប្រភេទកុំព្យូទ័រ Chromebooks របស់ក្រុមហ៊ុន Google ដែលសហការជាមួយនឹងក្រុមហ៊ុនHPមួយម៉ូដែលដែលមានតម្លៃប្រមាណជា139ដុល្លារ ដែលទើបត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជា យើងកាលពីចុងខែកក្កដា នេះឯង។
តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុននាំចូលបានឱ្យដឹងថា Google Chromebook នេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការសិក្សាតាមសាកលវិទ្យាល័យ រួមជាមួយនឹងការធ្វើការងារក្នុងក្រុមហ៊ុនឯកជនមួយចំនួនទៀតព្រោះជាកុំព្យូទ័រខ្នាតតូច ងាយស្រួលដាក់ប្រើតាមខ្លួន ខណៈម៉ូដែលនេះមានទំហំ 11.6 អ៊ីញ មានកម្រិតភាពច្បាស់1366×768 Pixel កញ្ចក់ប្រភេទIPS Screenហើយវាមានរូបរាងរឹងមាំទៀតផងក្នុងការប្រើប្រាស់។
លោកថា៖«កុំព្យូទ័រប្រភេទនេះ នៅអាមេរិកគេប្រើច្រើននៅតាមសាលារៀន ហើយការនាំចូលក្នុងទីផ្សារកម្ពុជានេះ ក្រុមហ៊ុនក៏ចង់ផ្ដោតសំខាន់លើវិស័យអបរំផងដែរ»។ កុំព្យូទ័រនេះដំណើរការជាមួយបន្ទះឈីប Samsung Exynos 5250 processor ប្រភេទ Dual-core ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Chrome OS និងមាន Ram ផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 2GB និងថាសរឹងផ្ទុកទិន្នន័យទំហំ16GB ហើយវាក៏ផ្តល់នូវសេវាកម្ម Cloud Storage សម្រាប់រក្សាទុកទិន្នន័យជាច្រើនដោយឥតគិតថ្លៃទៀតផង។
ក្រៅពីនេះ វាក៏មានភ្ជាប់មកនូវសេវាកម្ម Google Classroom – សេវាកម្ម Cloud Based Management Tools សម្រាប់ប្រើប្រាស់សេវាកម្មទាំងអស់របស់ GSuite ដូចជា Docs, Sheets, Slides, Drive និងជាច្រើនទៀត។ សម្រាប់ទីផ្សារកម្ពុជាយើង កុំព្យូទ័រ Chromebooks នេះ ក្រុមហ៊ុនបានដាក់លក់ក្នុងតម្លៃប្រមាណ 139 ដុល្លារ ដែលអតិថិជនទាំងអស់អាចរកជាវបាននៅក្រុមហ៊ុន MYTEB៕