ភ្នំពេញ៖ នៅថ្ងៃទី2 ខែសីហា ឆ្នាំ2017 ស្អែកនេះ រដ្ឋមន្រ្តីក្រសួងស្បៀងអាហារនៃប្រទេសបង់ក្លាដែស នឹងដឹកនាំប្រតិភូមន្រ្តីជាន់ខ្ពស់បង់ក្លាដែសមកចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) មួយ ជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាដើម្បីទិញអង្ករពីកម្ពុជាចំនួន1លានតោន ក្នុងរយៈពេល5ឆ្នាំក្រោយនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី1 ខែសីហានេះបានឱ្យដឹងថា ជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសនឹងនាំមកនូវអត្ថប្រយោជន៍ដ៏ធំធេងចំពោះវិស័យស្រូវអង្ករនៅកម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលបង់ក្លាដែសនឹងធ្វើការទិញអង្ករគ្រប់ប្រភេទពីប្រទេសកម្ពុជាចំនួន1លានតោន ក្នុងរយៈពេល5ឆ្នាំ ចាប់ពីឆ្នាំ2017នេះតទៅ។
អនុស្សារណៈនេះ នឹងគ្របដណ្តប់លើប្រតិបត្តិការទិញ/លក់អង្ករទាំងអស់ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន ហ្គ្រីនត្រេដ (GTC) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយអគ្គនាយកដ្ឋានម្ហូបអាហារ (DGF) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឱ្យក្រសួងស្បៀងអាហារនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។
ដំណឹងល្អនេះក្រុមហ៊ុន និងសហការជាមួយកសិករកម្ពុជា ដើម្បីបង្កើនការដាំដុះដំណាំស្រូវឱ្យកាន់តែមានចំនួនច្រើនឡើងក្នុងគោលដៅផ្គត់ផ្គង់អង្ករឱ្យបានគ្រប់តាមចំនួនដែលបានចុះក្នុងអនុស្សារណៈព្រមព្រៀងនាំចេញចំនួន1លានតោនក្នុងរយៈពេល 5ឆ្នាំនោះ៕